ក្រុមជនសង្ស័យមានគ្នាចំនួន៤នាក់ ជិះម៉ូតូMSX២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី មិនស្គាល់ម៉ាកមួយដើមបានបាញ់ចំនួន១គ្រាប់ គំរាមប្លន់យកម៉ូតូMSXពីបុរស់ម្នាក់ បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្តិភាព ។
ហេតុការណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចខាងកើតវត្តអង្គតាមិញ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ជនរងគ្រោះឈ្មោះ ណោ សុឃឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅជិតបូរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូMSX ពណ៌ស ពាក់ស្លាលលេខ ភ្នំពេញ1CZ-3291 ។
តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូចេញពីធ្វើការ នៅហាងវ័នម៉ ហើយក្នុងបំណងទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកMSX មិនចាំស្លាកលេខ ហើយបានជិះមកគៀរ និងដកកាំភ្លើងភ្ជុង ដោយឃើញដូចនេះ រួបគេក៏បានព្យាយាមជិះម៉ូតូគេច ទើបក្រុមជនសង្ស័យ បាញ់ចំនួនមួយគ្រាប់តែមិនត្រូវ ហើយរួបគេបានផ្តួលម៉ូតូ រត់គេចខ្លួន ទើបក្រុមជនល្មើស លើកម៉ូតូជិះគេចខ្លួន បាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ច ដើម្បីចុះមកដល់ចំណុចកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីកំណត់មុខសញ្ញា តាមចាប់ជនល្មើសមក ផ្តន់ទាទោសតាមផ្លូវច្បាប់ ៕



































