សៀមរាបៈ ព្រៃលិចទឹកស្ថិតនៅក្នុងឃុំអន្លង់សំណរ ត្រូវប្រឈមនិងការបាត់បង់ ដោយសារតែមានការ រុករាន្ទ កាប់ឆ្ការ ដុតបំផ្លាញយកដីព្រៃលិចទឹកដែលជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធ ដោយពុំមានការអើពើពី សំណាក់នាយសង្កាត់រដ្ឋបាលជលផល និងអាជ្ញាធរឡើយ ធ្វើឲ្យដីព្រៃលិចទឹក រលាយហិនហោចកាន់តែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមានការព្រួយបារម្ភណ៍ពីប្រជាពលរដ្ឋដែលបានជួបនិងហេតុការ។
ការរុករានទន្ទ្រានព្រៃលិចទឹកយកមកធ្វើជាកម្មសិទ្ធក្នុងស្រុកជីក្រែង ត្រូវបានគេស្គាល់ឈ្មោះ ចិន ធឿន រស់នៅភូមិអូក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដែលត្រូវបានគេដឹងថា ជាបុគ្គលម្នាក់ដែលសកម្មបំផុតក្នុងការរុករាន្ទដីព្រៃលិចទឹក ចំនួន៥ហិចតា នៅចំនុច ស្នាក់ការ ហ៊ត់ និងត្រពាំងអារូងក្នុងឃុំស្ពានត្នោត ព្រំព្រទល់ឃុំអន្លង់សំណរ ។
លោក កង អំ មេឃុំស្ពានត្នោតបានឲ្យដឹងថា លោកមានផលពិបាកខ្លាំងណាស់ ក្នុងការណែនាំនិងហាម មិនឲ្យលោក ចិន ធឿន នេះទៅរុករានដីព្រៃលិចទឹក ដោយកន្លងមកធ្លាប់កោះហៅមកហើយថែមទាំងបាន ធ្វើកិច្ចសន្យាបញ្ឈប់ជាច្រើនលើកហើយ តែគេពុំព្រមស្តាប់ ហើយបានរាយការណ៍ជូនទៅថ្នាក់លើ ហើយដើម្បីឲ្យមានវិធានការ ម្យ៉ាងទៀតព្រៃលិចទឹកស្ថិតនៅក្នុងស្រុកជីក្រែងនេះ បើសិនជាពុំមានការ ចូលរួមពីបងប្អូនប្រជាពលរដ្ឋទេ គឺវាកាន់តែរលាយពីមួយឆ្នាំទៅមួយឆ្នាំហើយ ចំណែកត្រីក៏មានការថយ ចុះដោយសារតែវាគ្មានទីជម្រក។
លោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលផលស្រុកជីក្រែង បានឲ្យដឹងថាតាមទូរស័ព្ទថា ករណីការកាប់ឆ្ការ ដុតបំផ្លាញព្រៃលិចទឹកនេះ លោកពុំទាន់មានចំណាត់ការអ្វីនោះទេ គឺរងចាំតែបញ្ជាពីអភិបាលស្រុក ជីក្រែងតែប៉ុណ្ណោះ ចម្លើយមួយម៉ាត់យ៉ាងខ្លី បានបញ្ជាក់ថា លោក ជុំ ភាព ពុំបានយកចិត្តទុកដាក់ និង យល់ពីតួនាទីរបស់ខ្លួនក្នុងការ មានឆន្ទះជាអ្នកការពារអភិរក្ស មឆ្ឆាជាតិ និងជម្រកត្រីពងកូន ព្រមទាំងព្រៃលិចទឹក បែរជារងចាំតែបទបញ្ជាពីអភិបាលស្រុកទៅវិញ។
ជុំវិញករណីការកាប់បំផ្លាញព្រៃលិចទឹកនេះ លោក ពៅ ប៊ុនធឿន អភិបាលជីក្រែង បានឲ្យដឹងថាតាម ទូរស័ព្ទថា ពាក់ព័ន្ឋទៅនឹងប្រជាពលរដ្ឋបាននាំគ្នារអ៊ូរទាំថា មានការកាប់ ឈូសឆាយដីលិចទឹក លោកបាន ទទួលពត៌មាន ពីមន្ត្រីបរិស្ថានហើយ ២ថ្ងៃទៀតលោកនឹងដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យ ។
ដោយ អ៊ុក ផ្លុង



































