ខេត្តសៀមរាប៖ កិច្ចប្រជុំនេះធ្វើឡើងមានកម្មវិធី៣ក្នុងពេលតែមួយតាំងពីព្រឹកដល់ល្ងាច ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៥នៅក្នុងសណ្ឋាគារសណ្ឋាគារ អ៊ីមប្រេសស៌ អង្គរ គឺដើម្បីជួបជុំបណ្តាសហគ្រិនក្នុងវិស័យទេសចរណ៍ដោយផ្តោតសំខាន់រវាងអ្នកលក់និងអ្នកទិញនៅក្នុងស្រុក ពិភាក្សាផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក ក៍ដូចជាការផ្លាស់ប្តូរផលិតផលរវាងគ្នានិងគ្នាដែលមានអ្នកចូរួមពីលោកស្រី ទឹក សុធី អគ្គនាយករងទេសចរណ៍ លោក គឹមសេរីរដ្ឋ ប្រធាននាយកដ្ឋានឧស្សាហកម្ម ទេសចរណ៍ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាហើយក៏មានការចូលរួមពី ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន សិប្បកម្មវត្ថុអនុស្សាវរីយ៍ ក្រុមហ៊ុនផលិតផលផ្គត់ផ្គង់ទេសចរណ៍ និងក្រុមហ៊ុន បច្ចេកវិទ្យាជាច្រើន ទាំងនៅភ្នំពេញ និងមកពីបណ្តាខេត្ត ព្រមទាំងក្រុងខេត្តសៀមរាប ដែលមានសរុបជាង ១០០ នាក់ ផងដែរ ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានមានប្រសាសន៍ក្នុងកម្មវិធីនោះថា អ្នកទិញទាំងអស់សុទ្ធសឹងតែអញ្ជើញមកពីក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសកម្ពុជា សរុបទាំងអស់ ប្រមាណជា ៣៩ក្រុមហ៊ុន ក្រៅពីនោះ ក៍មានក្រុមហ៊ុនចំនួន ២៨ទៀត ដែលជាអ្នកលក់ ដែលអ្នកទាំងនោះគឺសុទ្ធសឹងតែជាអ្នកមកពីតាម សណ្ឋាគារ ភោជនីយដ្ឋាន មកពីតំបន់កោះអភិវឌ្ឍន៍គឺ(កោះស្តេច), (តារាសាគរ),ក្រុមហ៊ុនអេឡិចត្រូនិច្ច ក្រុមហ៊ុន អនឡាញ ក្រុមហ៊ុនអ៊ែរឡាញ។ហើយវេទិការនេះ គឺជាវេទិការជួបជុំគ្នារវាងអ្នកលក់និងអ្នកទិញដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មគ្នាទៅវិញទៅមកនៅក្នុងស្រុក។លោកមានប្រសាសន៍បន្តថា ក្នុងការជូបជុំគ្នានេះគឺមិនមែនជាអ្នកនាំពាក្យឲ្យរដ្ឋាភិបាលទេ គឺជាអ្នកសម្របសម្រួលឲ្យរដ្ឋាភិបាល ដើម្បីជួយដោះស្រាយឲ្យពលរដ្ឋនៅអ្វីដែលគាត់មានទុក្ខកង្វល់តែប៉ុណ្ណោះ។
ជារៀងរាល់ឆ្នាំយោងតាមរបាយតការណ៏របស់ ក្រសួងទេសចរណ៍នៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅឆ្នាំ ២០១៤ កន្លងទៅនេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ៥០២ ៧៧៥ នាក់ កើនឡើងដល់ ១៧,០ ភាគរយធៀបនឹងឆ្នាំ ២០១៣ ។ចំណូលពីវិស័យទេសចរណ៍សរុបក្នុងឆ្នាំ ២០១៤ បានកើនឡើងដល់ ២.៥៤៧ លានដុល្លា ហើយតួលេខនៃចំណូលនេះបានកើន១៥ ភាគរយធៀបនឹងឆ្នាំ២០១២ដែលតួលេខ នេះ ជាចំណូលជាតិសរុប ។ នៅឆ្នាំ ២០១៥ កម្ពុជាសង្ឃឹម ថានឹងទទួលបានភ្ញៀវទេសចរ ៤ លាន នាក់ និងឆ្នាំ២០២០ ឈានដល់ចំនួន៧លាននាក់ ។

ខេត្តសៀមរាបជាតំបន់សក្ដានុពលដ៏សំខាន់របស់ប្រទេសកម្ពុជាដែលបានទាក់ទាញ ភ្ញៀវទេសចរយ៉ាងច្រើន សន្ធឹកសន្ធាប់ដើម្បីមកទេសចរណ៏នៅប្រទេសកម្ពុជា ព្រោះតែភាពសម្បូរ បែបនៃធនធានប្រវត្តិសាស្ត្រ និងធនធានវប្បធម៌ ព្រមទាំងប្រាសាទនានា ជាពិសេសគឺប្រាសាទអង្គរវត្ត។ក្រៅពីនោះ ធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា ក៏មានសារៈសំខាន់ខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដោយសារតែ វិស័យទេសចរណ៍ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអេកូ-ទេសចរណ៍ ។
ឧស្សាហកម្មទេសចរណ៍ ដែលផ្គត់ផ្គង់នៅក្នុងវិស័យនេះ ក៏មានការរីកចម្រើនផងដែរ ដូចជា ក្រុមហ៊ុនទេសចរណ៍ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន សិប្បកម្មវត្ថុអនុស្សាវរីយ៍ និងសេវាកម្មកម្សាន្តផ្សេងៗទៀត ។ សហគ្រិននៅក្នុងអាជីវកម្មនីមួយៗមានភាពមមាញឹកច្រើន ប៉ុន្តែការផ្សព្វផ្សាយ ការភ្ជាប់បណ្តាញ និងការបន្តធ្វើបច្ចុប្បន្នភាព ផ្សាភ្ជាប់ ទៅនឹងនិន្នាការអភិវឌ្ឍនៃវិស័យទេសចរណ៍ គឺមានសារៈសំខាន់ណាស់ នៅក្នុងគ្រប់ប្រភេទអាជីវកម្មដែល សហគ្រិន ទេសចរណ៍តែង តែនិងគួរបន្តយកចិត្តទុកដាក់។
ដោយសំឡឹងឃើញពីសារៈសំខាន់ ទាំងអស់នេះសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានរៀបចំ កម្មវិធីជំនួបពិភាក្សារវាងសហគ្រិនទេសចរណ៏លើកទី៥ នឹង មហាសន្និបាតប្រចាំឆ្នាំ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងវេទិកាជួបជុំសហគ្រិនទេសចរណ៍ ដែលនឹងមានសមាសភាព ចូលរួមប្រមាណជាង ១0០រូប ជាសមាជិករបស់សមាគម និងពាណិជ្ជករ ព្រមទាំងភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងទស្សនាវដីទេសចរណ៌ ក្រុមហ៊ុនទេសចរណ៍ឯកជនផ្សេងៗទៀតដែលមានទំនាក់ទនងទៅនឹងវិស័យទេសចរណ៍នេះផងដែរ។

គោលបំណងក្នុងពិធីនេះគឺរាយការណ៍ពីសកម្មភាពនិងសមិទ្ធផលក្នុងឆ្នាំ ២០១៤-២០១៥ មាន ១/ជំនួបរវាងសហគ្រិនទេសចរណ៍ដែលរៀបចំបាន៥លើកៈ
លើកទី ១៖ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអ្នកចូលរួមប្រមាណ ១៣៥ រូប
លើកទី ២៖ នៅសណ្ឋាគារស្មាយ ខេត្តសៀមរាប មាននាក់ចូលរួម ១០០ នាក់
លើកទី ៣៖ នៅអិនធ័រកន ភ្នំពេញមាននាក់ចូលរួម ១០០ នាក់
លើកទី ៤៖ នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប មាននាក់ចូលរួម ១២០ នាក់
លើកទី ៥៖ នៅ សណ្ឋាគារ អ៊ីមប្រេសស៌ អង្គរ មាននាក់ចូលរួម ១០០ នាក់។
២/ សមាគមបានធ្វើសិក្ខាសាលានិសិត្សជាមួយចំនួននៃសាកលវិទ្យាល័យ និងសាស្រា្តចារ្យបានធ្វើបទបង្ហាញ អំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។៣/ សកម្មភាពសប្បុរសធម៌៖ ការចុះជួយចែកអំណោយដល់ជនរងគ្រោះ នៅខេត្តបាត់ដំបង បានចំនួន ១៣០គ្រួសារនិងគ្រួសារទីទាល់ក្រនៅខេត្តពោធិសាត់ បានចំនួន ៦គ្រួសារ។៤/ សម្រាប់ការចូលរួមមតិយោបល់ជាមួយផ្នែកឯកជន ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកប ដោយនិរន្តភាព។៥/ ការចូលរួមប្រជុំនានា ជាមួយក្រសួងទេសចរណ៍ដូចជាព្រឹត្តិការណ៍បុណ្យសមុទ្រ និងការពិភាក្សាការងារផ្នែកឯកជន
៦/ការចូលរួមបណ្តុះបណ្តាលនិស្សិតជាសមាជិកលើការអនុវត្តជាក់ស្តែង រួមទាំងបញ្ជូនទៅកាន់ផ្នែកការងារនៃ សមាជិករបស់ក្រុមហ៊ុនទៀតផង ។៧/សម្រាប់ឆ្នាំ ២០១៤ នេះ សមាគមនឹងសហការយ៉ាងជិតស្និទជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ PATA Travel Mart ២០១៤ ឡើង នៅសាលសន្និសិទ្ធកោះពេជ្រ នៅថ្ងៃទី ១៧ និង ១៩ ខែកញ្ញា ឆ្នាំ២០១៤ ដែលនឹងអាចមានអ្នកចូលរួមប្រមាណជា ៣០០ ក្រុមហ៊ុន។ វាជាព្រឹត្តិការណ៍មួយដែលមានតម្លៃជំណួបពិភាក្សាការងារអាជីវកម្មរវាងអ្នកលក់ និងអ្នកទិញ ជួបគ្នាដើម្បីធ្វើកិច្ចដោះដូរសេវាកម្មគ្នាទៅវិញទៅមក ។លើសពីនេះទៅទៀត សមាគមនឹងបង្កើតឲ្យមានជា ក្លឹបនិស្សិត សំរាប់ចូលរួមបង្កើននូវសមត្ថភាពនិស្សិតកម្ពុជា ដោយឆ្លងកាត់ ការបង្ហាត់ និងបណ្តុះបណ្តាលតាមកម្មវិធីជំនាញខ្លីៗនាពេលខាងមុខ ។ ដោយគឿនវ៉េត



































