ខេត្តសៀមរាប៖ ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ក្នុងខេត្តសៀមរាប ត្រូវបានគេដុតនិងកាប់បំផ្លាញយកមកធ្វើជាកម្មសិទ្ធដែលកើតមាននៅតាមបណ្តាស្រុកៈ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងក្រុងសៀមរាប ដោយពុំមានការអើពើនឹងទប់ស្កាត់ ពីសំណាក់សមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋានសោះឡើយ ផ្ទុយទៅវិញ សមត្ថកិច្ចមួយចំនួនកំពុងបើកដៃឲ្យឈ្មួញបំផ្លាញយ៉ាងរង្គាល។
ប្រភពពីក្រុមពលរដ្ឋបានរាយការណ៍មកថា នាដើមខែមិថុនានេះមានក្រុមឈ្មួញបានលួចដុតព្រៃលិចទឹកនៅតាមបណ្តាស្រុកមួយចំនួនដូចជា៖ ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងក្រុងសៀមរាប ដោយសេរី ហើយគេសង្កេតឃើញថា ករណីនេះមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ទមួយចំនួនចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ។ប្រភពបានបន្តថា ការដុតបំផ្លាញព្រៃលិចទឹកដែលជាជំរកត្រីពងកូននេះ គឺត្រូវបានគេទម្លាយឲ្យដឹងថាគឺជាអ្នកមានលុយនិងមានអំណាចសម្រាប់សូកប៉ាន់ទៅឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន ទើបគេសង្កេតឃើញថា មួយរយៈពេលនេះត្រូវបានពួកក្រុមឈ្មួញកាប់និងដុតបំផ្លាញដោយសេរី ដើម្បីដាំផ្លែឱឡឹក,ដាំស្រូវប្រាំងនិងឈានយូរៗទៅពួកគេកាន់កាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង។ប្រភពបន្តទៀតថា ការដុតបំផ្លាញព្រៃលិចទឹកនេះត្រូវបានគេសង្កេតឃើញមានមន្ត្រីជលផលនិងបរិស្ថានទៅត្រួតពិនិត្យដែរតែហេតុអីបានជាគេឲ្យក្រុមឈ្មួញនៅតែបន្តដុតបំផ្លាញបានដដែល។ប្រភពបានបន្ថែមថា ករណីខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញមួយចំនួនជាអ្នកបើកដៃឲ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសច្បាប់ជាថ្នូរនឹងការសូកប៉ាន់លុយកាក់យ៉ាងសន្ធឹកសន្ធាប់ ហើយករណីនេះគេមិនទាន់ដឹងថា ថ្នាក់លើបានទទួលដំណឹងនេះហើយឬនៅ។ប្រភពបានបន្ថែមទៀតថា ភ្លើងឆេះព្រៃលិចទឹករាប់សិបហិចតា ដែលនៅជិតច្រមុះស្នាក់ការជលផលនិងបរិស្ថាននៅតំបន់នោះ ក៏ក្រុមសមត្ថកិច្ចទាំងនោះ ហាក់មិនខ្វាយខ្វល់ ព្រមទាំងគ្មានការទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេឡើយ។
ជុំវិញករណីខាងលើនេះលោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ ថា ករណីនេះត្រូវបានកូនចៅរបស់លោកប្រាប់ថា មានក្រុមប្រជាពលរដ្ឋបានលួចដុតព្រៃយកឃ្មុំ ហើយចំពោះភ្លើងឆេះព្រៃនៅជិតតំបន់អភិរក្សបឹងពារាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ប៉ុន្តែក្រុមអ្នកដុតទាំងនោះបានរត់គេចខ្លួនបាត់អស់ទៅហើយ។លោកបន្ថែមថា ចំពោះករណីនេះលោកនិងជម្រុញឲ្យមន្ត្រីក្រោមឱវាទដុតដៃដុតជើងទប់ស្កាត់និងស្វែងរកជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ចំណែកអភិបាលស្រុកប្រាសាទបាគង លោក ភូ សំអាត មិនអាចសុំការពន្យល់បានទេពីករណីបំផ្លាញព្រៃលិចទឹកនៅក្នុងឃុំកណ្តែក។រីឯលោក ម៉ក់ ប្រុស អភិបាលស្រុក សូទ្រនិគម ក៏មិនអាចសុំការពន្យល់បានទេ ពីករណីបំផ្លាញព្រៃលិចទឹកនៅក្នុងឃុំកំពង់ឃ្លាំង។ លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ក៏មិនអាចសុំការពន្យល់បានទេ ពីករណីបំផ្លាញព្រៃលិចទឹកនៅក្នុងឃុំអន្លង់សំណរ។
ទាក់ទិននឹងករណីនេះដែរ លោក ស្រី កែវសុភ័ក្ក នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀសបានប្រាប់ថា លោកបានចុះទៅមើលហើយ តែមិនមែនជាករណីក្រុមឈ្មួញលួចដុតព្រៃនោះទេ គឺពួកពលរដ្ឋបានដុតព្រៃនេះយកឃ្មុំ តែដល់ពេលឆេះខ្លាំងក៏រត់ទៅបាត់ ចំពោះដីព្រៃលិចទឹកនៅតំបន់ហាមឃាត់នោះ ព្រោះលោកបានរាយការទៅឲ្យថ្នាក់លើអស់ហើយ។លោកបន្តថា ប៉ុន្តែករណីឆេះព្រៃនេះលោកមិនទាន់បានដឹងនៃការឆេះនោះអស់ប៉ុន្មានហិចតានោះទេ ព្រោះព្រៃនោះវានៅឆេះនៅឡើយ។ចំណែកលោក រឹម សំអ៊ុន នាយផ្នែករដ្ឋបាលជលផលសូទ្រនិគមមិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេទាក់ទិននិងការបំផ្លាញព្រៃលិចទឹកនិងមានមន្ត្រីមួយចំនួនទទួលលុយសំណូក ពីការបំផ្លាញព្រៃលិចទឹក និងធនធានធម្មជាតិនៅដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រង។ទាក់ទិនទៅនឹងករណីខាងលើនេះដែរ លោក ព្រិន្ទ សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបមិនអាចទាក់ទងសុំការបំភ្លឺពីលោកបានទេនៅរសៀលថ្ងៃទី១៤ខែមិថុនានេះ។
ជុំវិញករណីនេះផងដែរ មជ្ឈដ្ឋាននានានៅទន្ទឹងមើលថា តើលោក ឃឹម ប៊ុនសុង អភិបាលខេត្តមានចំណាត់ការយ៉ាងណាចំពោះករណីបំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅតាមបណ្តាស្រុកមួយចំនួននៃខេត្តសៀមរាប បានដែរឬយ៉ាងណា។
សូមរំលឹកផងដែរថា នារដូវនេះ គេសង្កេតឃើញភាពមហន្តរាយព្រៃលិចទឹកដែលជាជម្រកត្រីពងកូន កំពុងត្រូវបានក្រុមឈ្មួញលួចដុតឆេះយ៉ាងរង្គាល ដោយគ្មានឃើញសមត្ថកិច្ចក្នុងខេត្តទេសចរណ៍មួយនេះមានចំណាត់ការក្តៅណាមួយនៅឡើយទេ។
នាឆ្នាំនេះពលរដ្ឋមានការព្រួយបារម្មណ៍ថា នៅថ្ងៃខាងមុខនេះផលត្រីនឹងធ្លាក់ចុះយ៉ាងគំហុក រីឯគ្រោះទឹកជំនន់ ខ្យល់ព្យុះនឹងកើតមាន ខណៈពេលដែលមានក្រុមមនុស្សជាច្រើន
នាក់ចោមរោមបំផ្លាញព្រៃលិចទឹកយ៉ាងរង្គាល ហើយសោកនាថកម្មនេះមិនត្រូវបានអាជ្ញាធរពាក់ព័ន្ធណាមួយចេញមុខទប់ស្កាត់សោះឡើយ៕ ដោយ កុសល


































