ខេត្តប៉ៃលិន៖ ដោយការគិតគូពីសុខុមាលភាពប្រជាពលរដ្ឋ ជាបញ្ហាចំបងនោះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញហាមឃាត់ គឺដើម្បីការពារសុខុមាលភាពដល់អ្នកប្រើប្រាសនិងប្រជាពលរដ្ឋទូទៅ។ ការបន្តចុះត្រួតពិនិត្យនេះធ្វើឡើងនៅភូមិបរហ៊ុយជើង និងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន បានឲ្យដឹងថា៖ ក្នុងរយៈពេលជាង៤ខែនេះ ឃើញថា មានទំនិញខូចគុណភាព, ហួសកាលកំណត់ប្រើប្រាស់, ទំនិញហាមឃាត់ជាច្រើន ហើយការអនុវត្តន៏ត្រួតពិនិត្យទំនិញគឺយើងត្រួវធ្វើពីអាជីវករតូចៗឡើងទៅ តែបើយើងមិនយកចិត្តទុកដាក់ទេ វាអាចមានបញ្ហាធ្ងន់ធ្ងរផងដែរ ។លោកបន្តថា៖ យើងបានចុះអនុវត្តន៏តាមតូបលក់ឥវ៉ាន់តូច ធំក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ហើយបានណែនាំដល់អាជីវករ កុំឲ្យយកទំនិញខូចគុណភាព ទំនិញដែលមិនមានច្បាប់ អនុញ្ញាតត្រឹមត្រួវ ឬទំនិញមិនមានស្លាកសញ្ញា មកតាំងលក់ព្រោះវាអាចនាំអោយប៉ះពាល់សុខភាព ពិសេសចំពោះផលិតផលម្ហូបអាហារដែលហួសឬផុតកំណត់ការប្រើប្រាស់។ លោកបន្តទៀតថា៖ ទំនិញដែលសំបកវេចខ្ចប់រុំពទ្ធ័ដោយធូលីកខ្វក់, មានច្រេះ, គ្មានស្លាកសញ្ញាត្រឹមត្រូវឬគ្មានស្លាកសញ្ញាគឺផ្ទុយពីច្បាប់ និងបទប្បញ្ញត្តិ គឺត្រូវបង្ក្រាប រឹបអូសយកទៅកំទេចចោល ហើយអ្នកលក់ត្រូវនាំមកប្រឈមនឹងច្បាប់ផងដែរ។
លោកក៏បានណែនាំដល់អាជីវករទាំងអស់មុន និងទិញទំនិញយកមកតាំងលក់ ត្រួវពិនិត្យមើលពីកាលបរិច្ឆេតផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ និងទុកដាក់ទំនិញឲ្យបានល្អ ដើម្បីជៀសវាងសមត្ថកិច្ចកាំកុងត្រូលចុះត្រួតពិនិត្យ ឃើញហួសពេលកំណត់ឬខូចគុណភាព ដកហូតដែលនាំឲ្យបាត់បងសេដ្ឋកិច្ចគ្រួសាររបស់បងប្អួន ព្រោះថា ទោះបីទំនិញមិនទានហួសពេលកំណត់ក៏ដោយ ទំនិញទាំងនេះនិងខូចគុណភាពបើយើងមិនយកមកទុកដាក់ និងថែទាំឲ្យបានល្អ ។ នៅថ្ងៃនេះយើងផ្តោតសំខាន់លើមីកញ្ចប់តូច និងទឹកខ្មេះរូបទន្សាយ ព្រោះទំនិញទាំង២នេះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរ ហើលោកបានហាមឃាត់ដាច់ខាតមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកខ្មេះរូបទន្សាយឡើយ ។
ក្នុងពេលចុះត្រួតពិនិត្យសមត្ថកិច្ចសាខាកាំកុងត្រូល បានដក់ហូតទំនិញខូចគុណភាពមួយចំនួនរួមមាន៖ ចាហ៊ួយវៀតណាមចំនួន ១០ដប ,ទឹកក្រូចកូការបស់ថៃ ០៦ដប ,ទឹកក្រូចហ្វាន់តារបស់ថៃ ០៩ដប ,ទឹកខ្មេះរូបទន្សាយចំនួន ២៩ដប ,ម្សៅស៊ុបរ៉តឌីចំនួន ៨៧កញ្ចប់ ,ដុំខ្នរ០៨ដុំតូច ,ទឹកក្រូចកំប៉ុង០៣កំប៉ុង,អូវ៉ាន់ទីន ៣១កញ្ចប់ ,កំទេចមី១៩៩កញ្ចប់ ,ទឹកម៉ាអ៊ីវ ១៤ដប ,និងមីកំប៉ុង ០៦កំប៉ុង ដោយយកមករក្សារទុកនៅស្នាក់ការកាំកុងត្រូល ដើម្បីចាត់ចែងទៅតាមនិតិវិធី ៕



































