ខេត្តព្រះវិហារ
មន្ដ្រីរដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃនិងផ្នែករដ្ឋបាលព្រៃឈើឆែបបានឃាត់រថយន្តយីឌុបដឹកឈើអារលេខ១និងលេខ២ខុសច្បាប់១គ្រឿងកាលពីវេលាម៉ោង១២យប់ថ្ងៃទី១៦មិថុនា២០១៥ស្ថិតនៅភូមិប្រើសក្អកឃុំម្លូរព្រៃ២ស្រុកឆែបខណះឈ្មួញដឹកជញ្ជូនឆ្លងដែនពីខេត្តស្ទឹងត្រែងចូលមកខេត្តព្រះវិហារតាមផ្លូវជាតិលេខ៩។
លោកអ៊ិតភូម្រានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហាតែងតែពង្រឹងវិធានការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើអោយមានប្រសិទ្ធភាពនិងលើកទឹកចិត្តដល់មន្ដ្រីរបស់ខ្លួននៅ គ្រប់ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើទូទាំងខេត្តព្រះវិហារ។
លទ្ធផលបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើខាងលើកំលាំងជំនាញមេព្រៃនិងសមត្ថកិច្ចនគរបាលមូលដ្ឋានបានឃាត់ខ្លួនតៃកុងរថយន្ដម្នាក់ឈ្មោះខេងថាវរះអាយុ៣២ឆ្នាំស្រុកកំណើតនៅស្រុកព្រៃឈខេត្តកំពង់ចាមដោយបានឆ្លងយោបល់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារដើម្បីធ្វើការស៊ើបសួរវែករកមុខឈ្មួញជាម្ចាស់ឈើ។
លោកសេងលាងនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រទ្បៅម្លូរព្រៃបានអោយដឹងនៅព្រឹកថ្ងៃទី១៧មិថុនា២០១៥ថាករណីបង្ក្រាបបទល្មើសព្រៃឈើខាងលើគឺខណះពេលកំលាំងជំនាញមេព្រៃកំពុងដើរល្បាតតាមច្រកសំខាន់ៗក៍ប្រទះឃើញរថយន្ដយីឌុបម៉ាកអ៊ីស៊ុយហ្ស៊ុយពាក់ស្លាកលេខកំពង់ចាម៣A១៤៨៩ប្រភេទភ្លៅ៥ពណ៌ខៀវមួយគ្រឿងសង្ស័យមុខសញ្ញាដឹកឈើ។លោកបន្តថានៅពេលឆែកឆេរបានរកឃើញឈើអារប្រភេទគគីរនិងឈើទាលសរុបចំនួន១០១សន្លឹកស្មើនឹង៥,៦៩៦ម៉ែត្រគូបដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបានបន្តថាតាមចម្លើយសារភាពពីតៃកុងរថយន្ដឈ្មោះខេងថាវរះបានអោយដឹងថាវត្ថុតាងឈើអារទាំងអស់នោះជារបស់ឈ្មួញឈ្មោះសុនលីមប្រើអោយគាត់ដឹកចេញពីភូមិវាលដេញក្នុងស្រុកថាទ្បាបរិវ៉ាត់ខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីសង់រោងទ្បានក៍ត្រូវបានមេព្រៃចាប់បង្ក្រាបតែម្តង។តៃកុងនិយាយថាគាត់គ្រាន់តែជាអ្នកបើកបរស៊ីឈ្នួលអោយគេតែប៉ុណ្ណោះ។
លោកសេងលាងបានបញ្ជាក់ថាម្ចាស់ឈើបានចេញមុខធានាបង់ប្រាក់ពិន័យគុណនឹង៣ដងចូលថវិការដ្ឋលើវត្ថុតាងឈើអារដែលរឹបអូសបានសរុបជាង៥ម៉ែត្រគូប។បន្ទាប់ពីស៊ើបសួររួចតៃកុងរថយន្ដល្មើសត្រូវបានជំនាញមេព្រៃអនុញ្ញាតអោយវិលត្រទ្បប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញនៅថ្ងៃដដែល។
គួរបញ្ចាក់ថារហូតមកដល់បច្ចុប្បន្ននេះទៅហើយបទល្មើសវិស័យព្រៃឈើនាំអោយកើតមានការចរាចរឈើខុសច្បាប់រួមមានគ្រញូងបេងធ្នង់នាងនួននិងប្រភេទឈើអារដែលអាជ្ញាធរមានសមត្ថកិច្ចគ្រប់រាជធានីខេត្តបង្ក្រាបទប់ស្កាត់មិនមានប្រសិទ្ធភាពនិងលុបបំបាត់មិនអស់ដោយសារតែច្បាប់ស្តីពីព្រៃឈើមានភាពធូររលុងខ្លាំង។
មតិរិះគន់ពីមហាជនបាននិយាយថាសមត្ថកិច្ចមួយចំនួននៅតែស្រេកឃ្លានទឹកលុយមិនចេះស្កប់ស្កល់ពីឈ្មួញឈើមិនបង្ក្រាបទប់ស្កាត់អ្វីសោះគឺឃើញនៅមានមួយគត់ស្ថាប័នជំនាញមេព្រៃហើយជំនាញមេព្រៃភាគតិចតួចប៉ុណ្ណោះដែលនៅគោរពអនុវត្តច្បាប់បង្ក្រាបបទល្មើសវិស័យព្រៃឈើជាហូរហែរ៕



































