​រកឃើញ​ភព​ថ្មី​ស្រដៀង​ទៅ​នឹង​ភពផែនដី

​ក្រុម​តារាវិទូ​អន្តរជាតិ ទំនង​ជា​បាន​រកឃើញ​ផ្កាយព្រះគ្រោះ ឬ​ភព​ថ្មី​មួយ នៅ​ចម្ងាយ​ប្រមាណ ៤៩០​ឆ្នាំ​ពន្លឺ ពី​ភពផែនដី​យើង​។ ជា​ភព​កូនភ្លោះ​នឹង​ភពផែនដី ស្ថិត​ក្នុង​ប្រព័ន្ធ​សុរិយគតិ​មួយ​ផ្សេង ដែល​គេ​ហៅថា​ជា​ភាសា​បារាំង exoplanet​។ ភព​ថ្មី​នេះ មាន​ទំហំ​ធំ​ជាង​ភព​ផែនដី​តែ​ប្រមាណ​

១០% និង​ទំនងជា​មាន​ស្រទាប់ដី​គ្របពីលើ​ផង​។ ជា​ក្តីសង្ឃឹម​ថ្មី​សម្រាប់​ជីវិត និង​សម្រាប់​ក្រុម​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​។​
​មានឈ្មោះ Kepler 186F ភព​នេះ អាច​រស់នៅ និង​បង្ក​ជីវិត​បាន បើ​គិត​ទៅលើ​រយៈ​ចម្ងាយ​ដ៏​សមស្រប ពី​ផ្កាយ​ទៅ​ភព ក្នុង​ប្រព័ន្ធ​សុរិយគតិ​របស់គេ​។ នេះ​ជា​លើកទីមួយ ដែល​អ្នកស្រាវជ្រាវ​អន្តរជាតិ​និង​បារាំង បាន​រកឃើញ​ភព​មួយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ផ្សេង ដែល​មាន​លក្ខណៈ​ស្រដៀង​បេះបិទ​ទៅនឹង​ភពផែនដី​យើង​។
“​ជា​ភព​ដែល​ដូច​ខ្លាំង​នឹង​ភពផែនដី ខាង​ផ្នែក​ទំហំ ដែល​រកឃើញ​នៅក្នុង​តំបន់​អាច​រស់នៅ​បាន ! នេះ​ជា​ការពន្យល់​របស់​លោក​ស្រី Sophie Blomont នៃ​មន្ទីរពិសោធន៍​តារា​រូប​សាស្ត្រ ក្រុង​Bordeaux​។ តំបន់​អាច​រស់នៅ​បាន គឺជា​តំបន់​ដែល​មិន​ក្តៅ​ពេក មិន​ត្រជាក់​ពេក និង​ជា​តំបន់​ដែល​មាន​ទឹក រាវ នៅលើ​ផ្ទៃដី​។ ផ្កាយព្រះគ្រោះ​ដែល​រកឃើញ​កាលពីមុន នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ជាមួយនឹង​ភព កេ​ផ្ល័​រ​ដែរនោះ មាន​ទំហំ​ធំ​ជាង​ភពផែនដី​ច្រើនណាស់​។​”
​ទំហំ​ផ្ទៃដី​សំខាន់​ណាស់ ! និង​ដែល​ធ្វើឱ្យ​ភព​កេ​ផ្ល័​រ​១៨៦ អាច​មាន​ដី មាន​ទឹក​។ បើ​ភព​មាន​ទំហំ​តូច​ដូច្នេះ មានន័យ​ថា​សមាភាគ​ផ្សំ​បង្កើត​ភព​នោះ​គ្មាន​សារធាតុ​ឧស្ម័ន​ទេ​។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់លោក សូ​ហ្វ្រី ប្លូ​ម៉ុង​។ ហើយ​គេ​ក៏​អាច​សន្និដ្ឋាន​បាន​កាន់តែ​ប្រាកដ​ថា​ភព​នោះ​មាន​ទឹក​នៅ​លើ ផ្ទៃដី​។​
​មានទឹក​រាវ​លើ​ផ្ទៃដី គឺ​មាន​ជីវិត ! នេះ​ហើយ​ជា​ប្រយោជន៍​នៃ​ការស្រាវជ្រាវ​រក​ភព​ភ្លោះ​នឹង​ផែនដី​យើង​៕

kepler186f_1