សៀមរាប បានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងបានចាត់បញ្ជូនទៅកាន់មូលដ្ឋានរបស់ខ្លួនវិញហើយ ប្រកបដោយសុវត្ថិភាព នាយប់ថ្ងៃទី១៨ ខែមិថុនានេះ !
សៀមរាប : លោកស្រីវរសេនីយទោ ដួង ថាវរី នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ( កម្ពុជា ឥណ្ឌូណេស៊ី ) ពលករចំណាកស្រុកចេញពីខេត្តសៀមរាបដោយមិនស្របច្បាប់ចំនួន ៨៤ នាក់ ត្រូវបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីវិញហើយ បន្ទាប់ពីពួកគេចាញ់ឧបាយកលបោកប្រាស់របស់មេខ្យល់ នាំយកពួកគេឲ្យទៅធ្វើជាកម្មករលើទូកនេសាទអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។ ពលករចំណាកស្រុកទាំងនេះ គឺស្ថិតនៅក្នុងចំណោមពលករកម្ពុជាចំណាកស្រុកនៃខេត្តផ្សេងៗទៀតផងដែរ ។
លោកស្រីបានបញ្ជាក់ថា ពួកគេត្រូវបានចាត់បញ្ជូនពីប្រទេសឥណ្ឌូណេស៊ី តាមជើងយន្តហោះ មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥នេះ ដោយឡែកពលករចំណាកស្រុករបស់ខេត្តសៀមរាប ត្រូវបានបន្តដំណើរតាមរថយន្តក្រុងចំនួន ២គ្រឿង ។
លោកស្រីបានបន្តថា បើតាមផែនការដែលបានគ្រោងទុក រថយន្តដឹកពលករចំណាកស្រុកទាំង៨៤នាក់នោះ នឹងត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញ កាត់ខេត្តកំពង់ធំ ឆ្ពោះមកដល់គោលដៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងអំឡុងម៉ោង៦ល្ងាច នាថ្ងៃដដែលនោះ ហើយបណ្តាមន្ត្រីអធិការដ្ឋាននគរបាលក្រុងស្រុក គឺនៅចាំទទួល និង ជូនដំណើរពួកគេ ទៅកាន់មូលដ្ឋាន ឲ្យបានដល់ផ្ទះសម្បែង ជួបជុំគ្រួសារវិញ ។
នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែមិថុនានោះ លោកស្រីវរសេនីយ៍ទោ ដួង ថាវរី បានបញ្ជាក់សារជាថ្មីថា ពលករដែលជិះរថយន្តទី១ បានមកដល់ស្រុកជីក្រែងខេត្តសៀមរាបហើយ ក៏ប៉ុន្តែពលករទាំងនោះ បានចុះពីរថយន្តអស់ហើយបន្តដំណើរទៅផ្ទះដោយខ្លួនឯង ពីព្រោះពួកគេនឹករលឹកក្រុមគ្រួសាររបស់ពួកគេខ្លាំងណាស់ ។ចំណែកឯរថយន្តទី២ ដឹកពលករនោះ មានការយឺតយ៉ាវ មិនទាន់ឆ្លងផុតខេត្តកំពង់ធំនៅឡើយទេ រហូតដល់ម៉ោង ១០ : ៣៥ នាទីយប់ ទើបរថយន្តទី២នោះ បានមកដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នឹងត្រូវបានចាត់បញ្ជូនទៅកាន់មូលដ្ឋានរៀងៗខ្លួន ។ ជាមួយគ្នានោះ អង្គការទស្សនៈពិភពលោកប្រចាំខេត្តសៀមរាប បានចូលរួមទទួលផ្តល់អាហារ នៅពេលដែលពលករទាំងនោះ បានមកដល់គោលដៅផងដែរ ។
សូមបញ្ជាក់ដែរថា នៅក្នុងបញ្ជីរាយនាមឈ្មោះពលករចំណាករបស់ខេត្តសៀមរាបទាំងនោះ រួមមានឈ្មោះពលករចំណាកស្រុកនៅស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ក្រុងសៀមរាប ស្រុកស្រីស្នំ ស្រុកអង្គរជុំ និងស្រុកពួក ។ នៅក្នុងចំណោមនេះ ពលករចំណាកស្រុក របស់ស្រុកជីក្រែង មានចំនួនច្រើនជាងគេ ៕ លោក ព្រិន្ទបាលទោ ខេង ខេមរា



































