ខេត្តឧត្តរមានជ័យ៖
ប្រពលរដ្ឋ ២១គ្រួសារ បានចោទប្រកាន់ទៅលើ លោក អ៊ុក គឹមលី ជាមន្ត្រីយោធា ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិអូរស្មាច់ថា បានប្រើប្រាស់អំណាចរបស់ខ្លួន បញ្ជាឱ្យមន្ត្រីក្រោមឳវាទ ទៅបំពានយកដី១៤០ហិចតា និងរារាំងមិនឱ្យពួកគាត់ អាស្រ័យផល ទោះបីជាដីនោះ ត្រូវបានអាជ្ញាធរខេត្ត កាត់ប្រគល់ទៅឱ្យពួកគាត់ក្តី។
យោងតាមកំណត់ហេតុប្រជុំរបស់លោក ស៊ី ប្រាសិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែកុម្ភ ឆ្នាំ២០១៥ នៅសាលាស្រុកអន្លង់វែង ដែលបានធ្វើការដោះស្រាយ បញ្ចប់លើទំនាស់ដីធ្លីរវាងប្រពលរដ្ឋ ២១គ្រួសារ លើចំនួនផ្ទៃដី ១៤០ហិចតា ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានផលប៉ះពាល់ជាមួយនឹង លោក អ៊ុក គឹមលី ប្រធានទំនាក់ទំនងព្រំដែនច្រកអូរស្មាច់។ ដោយថ្ងៃនោះ មានការចូលរួមប៉ែន វណ្ណៈ អភិបាលរងស្រុក លោក យិន រ៉ាឌី ប្រធានស្តីទីភូមិបាល និងអាជ្ញាធរ ឃុំត្រពាំងប្រិយ៍ សមាជិកក្រុម ប្រឹក្សា មេភូមិសាមគ្គី ហើយចំពោះការដោះស្រាយ នៅក្នុងអង្គប្រជុំ ភាគី លោក អ៊ុក គឹមលី បានទទួលស្គាល់ និងឯកភាពប្រគល់ដីចំនួន ១៤០ហិចតា នៅចំណុចខាងលើ ទៅឱ្យប្រជាពលរដ្ឋ ២១គ្រួសារ ដោយពុំមានការតវ៉ាអ្វីនោះទេ ហើយក៏មានស្នាមមេដៃរវាងភាគីទាំងសងខាង ដែលមានអាជ្ញាធរភូមិឃុំ និងស្រុកជាសាក្សីផងដែរ។
ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ជារដូវបង្កបង្កើនផល ពួកគាត់បានចុះធ្វើអាស្រ័យផល លើដីរបស់ពួកគាត់វិញតែ ផ្ទុយទៅវិញលោក អ៊ុក គឹមលី បានឱ្យមន្ត្រីក្រោមឳវាទរបស់ខ្លួនឈ្មោះ សេន ទៅរារាំងមិនឱ្យពួកគាត់ ចូលភ្ជួរដីនិងដាំដុះលើដីរបស់ពួកគាត់ឡើយ។
មិនតែប៉ុណ្ណោះ លោក អ៊ុក គឹមលី មិនគោរពទៅ តាមកិច្ចព្រមព្រៀង ក្នុងអង្គប្រជុំរបស់អាជ្ញាធរឃុំ ស្រុក ខេត្ត ថែមទាំប្ដឹងប្រជាពលរដ្ឋ ដែលនៅក្នុងចំណោមប្រជាពលរដ្ឋ ២១គ្រួសារ ក្នុងនោះមានចំនួន ៣នាក់ហើយ ដែលបានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តឧត្តរមានជ័យ ១.ឈ្មោះ ណាត់ សុវណ្ណឌី ភេទប្រុស អាយុ៤៩ឆ្នាំ ២.ជា រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនពិការ ៣. ឡុង ទក់ ភេទប្រុស អាយុ៤៧ឆ្នាំ។
លោក ស៊ូ ណាត មេឃុំត្រពាំងប្រិយ៍បានឱ្យដឹងថា លោក អ៊ុក គឹមលី មានផ្ទៃដីកាន់កាប់ចំនួន ២៥០ហិចតា ដែលមានព្រំប្រទល់ជាប់ និងដីប្រជាពលរដ្ឋ ១៤០ហិចតា លោកពិតជាទទួលស្គាល់មែន ហើយលោកទទួលស្គាល់ទៅលើប្រជាពលរដ្ឋ ២១គ្រួសារ ដែលត្រូវបានលោក អ៊ុក គឹមលី រំលោភយក តែក្រោយពីគណៈកម្មការដោះស្រាយដីធ្លី បានហៅភាគីទាំង ២ មកធ្វើការពិភាក្សាគ្នា ហើយលោក អ៊ុក គឹមលី បានសុខចិត្តប្រគល់ដីចំនួន ១៤០ហិចតាទៅឱ្យប្រជាពលរដ្ឋវិញ។

លោកបានបញ្ជាក់ថា ពេលប្រជាពលរដ្ឋ ២១គ្រួសារ បានធ្វអាស្រ័យផល ស្រាប់តែលោក អ៊ុក គឹមលី ដាក់កូនចៅរបស់ឈ្មោះ សេន ឱ្យឈរប្រចាំការ ដើម្បីរារាំងដល់ប្រជាពលរដ្ឋចំនួន ២១គ្រួសារនោះ អាស្រ័យផលលើដីរបស់ពួកគាត់ ចំនួន១៤០ហិចតា។
លោកមេឃុំបន្តថា លោកមិនយល់ពីកិច្ចព្រមព្រៀងគ្នាមិន ដែលបានឯកភាពគ្នា និងសាក្សីដែលមានអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុក បានដឹងលឺ ចំពោះលោក អ៊ុក គឹមលី បានប្រគល់ដីទៅឱ្យប្រជាពលរដ្ឋវិញ តែបែរជាអាងអំណាចខ្លួន ជាមន្ត្រីយោធាពាក់ស័ក្តិ ៥ ទៅប្លន់យកដីពីប្រជាពលរដ្ឋ ហើយថែមទាំងរំលោភបំពានទៅលើកិច្ចសន្យា៕(



































