ខេត្តឧត្តរមានជ័យ៖
មានការភ្ញាក់ផ្អើលលាន់លឺកងរំពង ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ខណៈ ដែលរថយន្តកូរ៉េមួយគ្រឿងដឹកស្រាបៀរពេញ ដាច់កង់ក្រោយខាងស្ដាំរអូសប្រវែងជាង២០ម៉ែត្រ ដែលបណ្ដាលឱ្យផ្លូវកៅស៊ូ បែកផុងជំរៅជិត ១តឹក។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៩ ខែមិថុនា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ត្រង់ចំណុចភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
រថយន្តដាច់ក្រោយកង់បង្កឱ្យមានការខូចខាចដល់ផ្លូវ ជាប្រភេទរថយន្តកូរ៉េ ១តោនកន្លះ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ ៣C-៥១០០ ផ្ទុកទំនិញពេញ ដែលអ្នកបើកបរឈ្មោះ ប៊ុន លេខ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិគោកត្នោត ឃុំកំពង់ចិត្តខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កខាងលើ បើកបរទិសដៅពីជើងទៅត្បូង ដែលមានសភាពដូចជា លាន់សំលេងរោម៉ាស៊ីនជាខ្លាំង ពីព្រោះរថយន្តផ្ទុកទំនិញច្រើនពេក ដែលស្ទើរតែបើកទៅមុខលែងរួច លុះដល់ចំណុចកើតហេតុរថយន្តក៏ផ្ទុះបែកកង់ក្រោយខាងស្តាំ លាន់ស្នូរដូចផ្ទុះខ្លាំង ហើយកង់យ៉ាន់រថយន្តក៏អូរលើផ្លូវកៅស៊ូ អស់ប្រវែងជាង ២០ម៉ែត្រ ទើបរថយន្តឈប់។
បើតាមឱ្យដឹងពីតៃកុងរថយន្តថា បាននិយាយគាត់បើករថយន្តដឹកស្រាបៀរចេញស្រុកអន្លង់វែង យកទៅលក់នៅខេត្តកំពង់ធំ ពេលកំពុងបើករថយន្តក៏ស្រាប់លឺសំលេងផ្ទុះ ពេលខ្លួន មើលតាមកញ្ចក់ ក៏ឃើញកង់រថយន្តខាង ស្ដាំដាច់ខ្ទាតចេញពីរថយន្តដោយមិនបានបង្ករគ្រោះថ្នាក់អ្វីឡើយ គ្រាន់ខូចផ្លូវជាតិជាង២០ម៉ែត្រតែប៉ុណ្ណោះ៕



































