កំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងនិងខេត្តកំពង់ឆ្នាំងសហការគ្នាធ្វើការចាប់ខ្លួនបាន នៅម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ក្នុងបន្ទប់ផ្ទះ សំ ណាក់មួយ នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ករណីបង្ក្រាបនេះសមត្ថកិច្ចបានដកហូតថ្នាំញៀន និងកញ្ឆាក្រៀម រួមទាំងសម្ភារៈមួយចំនួនទៀត ។សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថាៈ ជនសង្ស័យទាំង៣នាក់នោះមាន៖ ១ឈ្មោះ ថន សុធារិទ្ឋ អាយុ២៩ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាកូនមន្ត្រីសាលាខេត្តម្នាក់ ២ឈ្មោះ ប៊ុន ចាន់ធី ហៅស្វិត អាយុ២២ឆ្នាំ មានទីលំនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ និង៣ ឈ្មោះ លន ដាំ ហៅដាលីន អាយុ២០ឆ្នាំ ជាស្រីខារ៉ាអូខេ ពន្លឺពេជ្រ ។សមត្ថកិច្ចបានបញ្ជាក់ថាៈ ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នោះគឺខណៈដែលក្រុមសមត្ថកិច្ចចេញល្បាត ឆែកឆេរតាមផ្ទះសំណាក់ រកមុខសញ្ញាជនសង្ស័យ ទើបឈានដល់ការចាប់ខ្លួនបន្ទាប់ពីបានឃើញថ្នាំញៀន ចំនូន២កញ្ចប់ ។វត្ថុតាងក្រៅពីថ្នាំញៀន២កញ្ចប់ខាងលើនេះ សមត្ថកិច្ចដកហូតបានកញ្ឆាក្រៀមមួយកញ្ចប់តូច វិទ្យុទាក់ទង១គ្រឿង ទូរស័ព្ទដៃ៥គ្រឿង ម៉ូតូម៉ាកស្មាស់រីវ៉ូ ១គ្រឿង ប្រាក់ដុល្លាក្លែងក្លាយ១០ដុល្លា១សន្លឹក ប្រាក់ខ្មែរ ២ម៉ឺនរៀល និងកាតគ្រីម៉ូតូ១ ។ជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ត កសាងសំណុំរឿង ដោយចោទប្រកាន់ពីបទចែកចាយនិងប្រើប្រាស់នូវសារធាតុញៀន ហើយបានបញ្ជូនខ្លួននិងវត្ថុ តាង ទៅតុលាការខេត្តចាត់ការបន្ត និងផ្តន្ទាទោសតាមផ្លូវច្បាប់៕