ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានប្រជាពលរដ្ឋព្រួតវាយទ្រោមខ្លួនបន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈនារីម្នាក់តែមិនបានសំរេចនៅចំណុចផ្លូវរទេះភ្លើង កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន
សុខ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ នាង រទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ចំណែកនារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានដើរយកសំរាមទៅចោល នៅផ្លូវរថភ្លើង ដែលមានស្ថានភាពស្ងាត់ ខណៈនោះក៏មានយុវជនម្នាក់បានពួនរង់ចាំធ្វើសកម្មភាពចាប់រំលោភ បន្ទាប់ពីនារីរងគ្រោះបានបោះសំរាមចោលហើយនោះជនសង្ស័យក៏បានធ្វើសកម្មភាពស្ទុះមកចាប់អូសនារីរងគ្រោះចូលក្នុងគុម្ពពតព្រៃនិងបានផ្តួលនារីរងគ្រោះទៅលើដី ប៉ុន្តែមិនបានសម្រេចទេ ដោយនារីរងគ្រោះស្លៀកខោកាប៊ូយនិង រើបំរ៉ាស់ស្រែកអោយគេជួយរហូតបងស្រីនារីរងគ្រោះមកទាន់ស្រែកឱ្យអ្នកនៅក្បែរកន្លែងកើតហេតុជួយចាប់ជនសង្ស័យ ហើយក៏ត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងទ្រោមខ្លួន។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់៕