កំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រឈ្មោះ តុល ចាន់នី នៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ មានជម្ងឺរលាកផ្លោកនោមនិងពោះវៀនធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យបានប្រាប់រូបនាងថា៖នាងអាចរស់នៅបានតែ២ខែទៀតតែប៉ុណ្ណោះគិតចាប់ពីថៃ្ងនេះទៅហើយត្រូវចិញ្ចឹមកូន៣នាក់ក្នុងបន្ទុក និងស្ត្រីសតិមិនល្អឈ្មោះ វ៉ន ហៀប រស់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ គ្មានឪពុកម្តាយត្រូវគេចាប់រំលោភកើតបានកូន១គ្មានទឹកដោះអោយកូនបៅ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងរួមដំណើរដោយលោកស្រីឈុំចាន់សុខប្រធានមន្ទីរកិច្ចការនារីខេត្តនិងសហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ទាល់ខ្លួន និងអំណោយសប្បុរសជនទៅផ្តល់ជូន ដល់ផ្ទះជនក្រីក្រទាំង២នាក់ដល់មូលដ្ឋានដោយផ្ទាល់ដៃលោកជំទាវតែម្តង។
លោកស្រី ឈុំ ចាន់សុខ ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖អំណោយផ្តល់ជូនស្ត្រីក្រីក្រឈ្មោះ តុល ចាន់នី ចិញ្ចឹមកូន៣នាក់ក្នុងបន្ទុកនិងមានជំងឺប្រចាំកាយធ្ងន់ធ្ងរទទួលបានថវិកាចំនួន១៦ម៉ឺនរៀល,អង្ក២០គីឡូក្រាម,ទឹកស៊ីអ៊ីវ១យួរ,ខោអាវ៤កំប្លេរ,សារ៉ុង៣។ស្ត្រីកំព្រាសតិមិនល្អឈ្មោះវ៉ន ហៀប ត្រូវគេចាប់រំលោភបានកូន១គ្មានទឹកដោះអោយកូនបៅទទួលបានថវិកា១០ម៉ឺនរៀល,ទឹកដោះគោ៣កំប៉ុង,ខោអាវ៦កំប្លេរនិងសារ៉ុង២។
លោកស្រីបានបន្តទៀតថា៖ថវិកានិងសំភារៈទាំងអស់នេះបានការជួយឧបត្ថម្ភពី លោកជំទាវដោកសុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត,លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត,ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត,លោក អ៊ូ ជួបកុសល ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត,លោក សោម ភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត,លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយខេត្ត,លោកស្រី គឹម សុទ្ធា មន្ត្រីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣និងលោកស្រីផ្ទាល់។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែផ្តល់អំ ណោយមនុស្សធម៌ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋទីទាល់ក្រគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោការណ៍អ្វីឡើយ។ដោយឡែកថវិកាដែលជាអំណោយទាំងអស់ខាងលើនេះ គឺជាអំ ណោយរបស់សប្បុរសជន ដែលបានរៃអង្គាស់គ្នាដោយទឹកចិត្តមនុស្សធម៌ដើម្បីជួយគ្នាក្នុងគ្រាក្រ។
លោកជំទាវប៉ាល់យឿនក៍បានផ្តាំផ្ញើផងដែរដល់ប្អូនស្រីតុលចាន់នីកុំអស់សង្ឃឹមត្រូវពង្រឹងស្មារតីឡើងវិញហើយត្រូវចេះថែទាំសុខភាពអោយបានល្អនិងមានអាយុវែងអាចជាឡើងវិញគ្រប់គ្រងកូនចៅអោយបានរៀនសូត្រសំរាប់អនាគតកូនៗរបស់ប្អូនស្រីទៅថៃ្ងខាងមុខ។លោកជំទាវក៏បានផ្តាំផ្ញើដល់លោកមេភូមិត្រពាំងស្បូវធ្វើយ៉ាងណាជួយពន្លឿនអោយសមត្ថកិច្ចជួយដោះស្រាយនូវពាក្យបណ្តឹងនិងចាប់ជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់អ្វីដែលខ្លួនបានប្រព្រឹត្តកន្លងមកនិងជួយមើលថែទាំដល់ប្អូនស្រី
វ៉នហៀបដែលនាងកុំមានសរសៃខ្ចី។
ពេលបានទទួលអំណោយខាងលើប្អូនស្រីទាំង២បានលើកដៃប្រណមសំពះ ថ្លែងអំណរគុណដល់លោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត និងសប្បុរសជនទាំងអស់ សូមអោយអស់លោកជួបតែពុទ្ឋពរទាំង៤ប្រ ការគឺអាយុ វណ្ណៈ សុខៈ និងពលៈ ជារៀងរហូតតរៀងទៅ ៕



































