រថយន្ត​លុច​ស៊ី​ស​GS300​បុក​រ៉ឺម៉ក​កង់​បី​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ ៖ រថយន្ត​លុច​ស៊ី​ស GS300 បើកបរ​ដោយ​ស្ត្រី​ម្នាក់​បាន​បុក​រ៉ឺម៉ក​កង់​៣​ដឹក​ភ្ញៀវ​បណ្ដាល​រងរបួស​មនុស្ស​៣​នាក់ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​២០​ខែ​មេសា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​១០៨ ស្ថិត​នៅ​ក្រោយ​ធនាគារ​កាណាឌីយ៉ា ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុច​ស៊ី​ស GS300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5590 ​បើកបរ​ដោយ​ស្ត្រី​ម្នាក់ បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១០៨ យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រ៉ឺម៉ក​កង់​៣​មួយ​គ្រឿង​បាន​ធ្វើដំណើរ​ច្រាស់ទិស​គ្នា​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង ដឹក​ភ្ញៀវ ក៏​ត្រូវ​រថយន្ត​បុក​ចំ​ពី​ជំ​ហៀ​ង​ខាងឆ្វេង បណ្តាល​ឱ្យ ភ្ញៀវ​ដែល​ជិះ​លើ​រ៉ឺម៉ក​កង់​បី​បោក​ធ្លាក់​ពី​រ៉ឺម៉ក​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ចំណែក​រថយន្ត​បាក់​កា​ឡេ ខាងឆ្វេង​ទៅមុខ​លែងរួច និង​រ៉ឺម៉ក​ម៉ូតូ​កង់​បី ខូចខាត​កង់​ខាងឆ្វេង​។

បន្ទាប់ពី​កើតហេតុ​ភាគី​ទាំងសងខាង​ប្រកែក​យក​ត្រូវ​រៀងខ្លួន ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ដើម្បី​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​រ៉ឺម៉ក​កង់​៣​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​៕​

1 2 3 4