បន្ទាយមានជ័យៈ ប៉ូលីសប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការណ៍ទ្រង់ទ្រាយធំបង្ក្រាប់ អ្នកជួញដូរ និងប្រើប្រាស់បាន២៧នាក់ ក្នុងរយៈពេល១ថ្ងៃទី២១ មិថុនា ២០១៥ នៅក្នុងសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត លើការបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងខេត្តកំលាំជំនាញរបស់លោកបើកប្រតិបត្តិការណ៍ ស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនអ្នកជួញដូរចែកចាយគ្រឿងញៀននៅក្នុងក្រុងសិរីសោភ័ណម្នាក់ឈ្មោះ កែវ សម្បត្តិ ហៅ ពៅ ដែលមាន
ទីលំនៅក្នុងស្រុកមង្គលបូរីបានមកធ្វើសកម្មភាពចែកចាយថ្នាំញៀននៅហ្នឹងផ្ទះមួយកន្លែងក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានថ្នាំញៀនប្រភេទក្រាមទឹកកក ៣ថង់តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើន ។ ផ្តើមពីការឃាត់ខ្លួនជនសង្ស័យរូបនេះ កំលាំងបានបន្តឃាត់ខ្លួនអ្នកមកទិញគ្រឿងញៀនដោយផ្ទាល់ និងតាមទូរស័ព្ទពីជននេះបានចំនួន២៦នាក់ ដែលមានរថយន្ត២គ្រឿង ម៉ូតូចំនួន១០គ្រឿង និងទូរស័ព្ទជាច្រើនគ្រឿងនាំយកមកកាន់ស្នងការនគរបាលខេត្ត ។
ក្រោយការឃាត់ខ្លួន មកស្នងការជនសង្ស័យទាំងអស់ខាងលើនឹងត្រូវបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីធ្វើការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់នៃបទល្មើសគ្រឿងញៀន ដែលអាចជាប់ឃុំបណ្តោះអាសន្នឬបញ្ជូនទៅបន្សាបសារធាតុញៀនភ្នំបាក់ ។
សូមបញ្ជាក់ថា ក្នុងខែមិថុនា ២០១៥នេះ សកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀនរបស់សមត្ថកិច្ចប៉ូលីសធ្វើឡើងយ៉ាងក្តៅគគុកហើយចាប់បានអ្នកជួញដូរ និងប្រើប្រាស់ស្ទឺរាល់ថ្ងៃ ៕



































