កំពង់ធំ=បុរស២នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូសង់១២៥ បុកម៉ូតូសណ្ដោងរម៉កពេញទំហឹងក្នុងទិសដៅបញ្ចាស់ទិសគ្នា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២២
ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅចំណុចលើស្ពានព្រៃប្រស់ក្នុងភូមិ ព្រៃប្រស់ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូសង់១មួយគ្រឿងពណ៍ខ្មៅគ្មានស្លាកលេខ សេរី២០១៥បានធ្វើដំណើរត្បូងមកជើងលុះទៅដល់ចំណុចកើតហេតុរស្រាប់តែមានម៉ូតូសណ្ដោងរម៉កមួយគ្រឿងទៀតបើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ចាស់ទិសគ្នាមកបុកគ្នាពេញទំហឹង បណ្តាឲ្យអ្នកជិះម៉ូតូសង់២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តងចំណែកបុរសខាងម៉ូតូរម៉ករបួសធ្ងន់។
ប្រភពបន្ថែមថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង២នាក់មានឈ្មោះ សួរ ផាន្នី ភេទប្រុសអាយុ២៧ឆ្នាំនិងអ្នករួមដំណើរឈ្មោះ មាន រ៉ន ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិក្អិន ឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំដូចគ្នា ។ដោយឡែកអ្នកបើកបរម៉ូតូសណ្ដោងរម៉ក ត្រូវបានគេស្គាល់ថាមានឈ្មោះ ផន ភេទប្រុស រស់នៅត្រពាំងជ្រៃ ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសធ្ងន់ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចអូសយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ដ្ឋាន ស្រុកកំពង់ស្វាយ ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់។រីឯសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករបួសបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ប៊ុន រិទ្ធី


































