បន្ទាយមានជ័យៈ អស់ពីបង្ក្រាបបានចោរប្លន់៣នាក់អាវុធខ្លីមួយដើមប្លន់ម៉ូតូពីថ្ងៃ ស្រាប់តែយប់ជ្រៅបន្តិចលេចក្រុមចោរប្លន់៣នាក់ទៀតប្រដាប់ដោយអាវុធវែងខ្លី ឯកសណ្ឋានប៉ារ៉ាប្លន់ផ្ទះអ្នលក់ដូរមួយកន្លែងក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកអស់ទ្រព្យសម្បត្តិ ហើយគេចខ្លួនដោយសុវត្ថិភាព ។
តាមព័ត៍មានពីប៉ូលីសស្រុកម៉ាឡៃបានអោយដឹងថា សកម្មភាពប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខាងលើ កើតឡើងនៅវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី២៣ មិថុនា ២០១៥ ទៅលើផ្ទះជនរងគ្រោះឈ្មោះ គាន សៅ និងប្រពន្ធឈ្មោះ សើយ ច្រឹប មានមុខរបរលក់ឥវ៉ាន់ចាហ្វួយនៅផ្ទះ ។
តាមការរៀបរាបរបស់ជនរងគ្រោះចំពោះមុខសមត្ថកិច្ចបានអោយដឹងថា ចោរប្លន់ដែលធ្វើសកម្មភាពមកលើពួកខ្លួនមានគ្នា៣នាក់ ក្នុងនោះមាន២នាក់ឯកសណ្ឋានប៉ារ៉ា ប្រដាប់ដោយអាវុធអាកាស្វាយបត់១ដើម និងអាវុធខ្លី១ដើម បានភ្ជុងគំរាមអោយខ្លួនយកលុយ និងគ្រឿងអាល័ង្កាដែលមានអោយពួកគេ ។ ក្រុមចោរប្លន់បានយកបានមាស ៧ជី និងប្លាកទីនតម្លៃ១២០០០បាត ប្រាក់ថៃ៣ម៉ឺនបាត ប្រាក់រៀល២សែនរៀល ។ បន្ទាប់ពីធ្វើសកម្មភាពរួមក្រុមចោរប្លន់បានគេចខ្លួនចេញពីភូមិសំដៅទៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រោយហេតុការភ្លាម ៗ សមត្ថកិច្ចនគរបាលស្រុក និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រោមការបញ្ជា និងដឹងនាំពីសំណាក់លោក ឧត្តមសេនីយ៍ អាត់ ខែម បានចុះទៅដល់ទីតាំងកើតហេតុ និងកំពុថស្រាវជ្រាវចាប់ជនសង្ស័យ ។
លោក សិទ្ធ ឡោះ ស្នងការរងកណ្តាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា ក្រុមចោប្លន់ឈ្លាតឱកាសពេលដែលសមត្ថកិច្ចជំនាញក៏ដូចជាកំលាំងស្រុកកំពុងតែជាប់ដៃ បង្ក្រាបករណីចោរប្លន់ស្រដៀងគ្នានេះដែរ ទើបធ្វើអោយសមត្ថកិច្ចមិនអាចបង្ក្រាបបានភ្លាម ៗ តែទៅជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងតែក្តាប់មុខសញ្ញាឈានទៅដល់ការឃាត់ខ្លួន ។