សៀមរាបៈ តំបន់ការពារនិងអភិរក្សត្រីមេពូជគឺជាកន្លែងអន្លង់ជ្រៅ ដែលរាជរដ្ឋាភិបាលដាក់អោយកម្លាំងយាមកាមយ៉ាងតឹងរ៉ឹងបំផុត ដើម្បីអោយត្រីមេពូជបន្តពូជនៅពេលដែលមានទឹកទន្លេជន។ សភាពពិតនៅតំបន់ការពារ និងអភិរក្សត្រីមេពូជសហគមន៍ផ្ទោលស្រោងស្ថិតនៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ជាកន្លែងដែលមានត្រីមេពូជច្រើនប្រភេទ។
ប៉ុន្តែត្រូវបានជនល្មើសនេសាទស្ទើតែអស់ពីអន្លង់ទៅហើយ។ ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃទឹកកាន់តែរីង ត្រីចេះតែបាត់បន្តិចម្តងៗ ធ្វើអោយប្រជានេសាទដែលធ្វើជលយានឆ្លងកាត់នៅតំបន់នេះសង្ស័យថា អ្នកការពារ និងអភិរក្សនៅសហគមន៍នេះជាអ្នកបើកភ្លើងខៀវអោយជនល្មើសនេសាទត្រីមេពូជ ទើបពួកគាត់សុំសហការ ជាមួយបរិស្ថាន ដើម្បីស៊ើបអង្កេតនិងឃ្លាំមើល។សកម្មភាពជាក់ស្តែងនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង២.០០យប់កម្លាំងបរិស្ថាន និងប្រជាពលរដ្ឋ ឃើញជនល្មើស និងកាណូតសំបកកាវចំនួន៣គ្រឿងរួមនិងអួនអូសចំនួន១វង់ ព្រមទាំងត្រីជាង២០០គីឡូក្រាម។
ត្រីក្នុងនោះមានប្រភេទ ត្រីឆ្តោរ ត្រីសណ្តាយ ត្រីក្រាយ ត្រីប្រា ត្រីឆ្កោក ត្រីឆ្ពិន ត្រីពោ ជាពិសេសត្រីត្រសក់ ជាប្រភេទត្រីដែលរដ្ឋបាលជលផល ហាមប្រាមមិនអោយប្រជាពលរដ្ឋនេសាទយកមកធ្វើជាអាហារព្រោះត្រីនេះជិតផុតពូជពីបឹងទន្លេសាបទៅហើយ។ទាក់ទងទៅនឹងឧបករណ៍ និងមធ្យោបាយនេសាទខុសច្បាប់ទាំងនេះ លោក ស៊ិន គក់ ប្រធានបរិស្ថានស្នាក់ការស្ទឹងជ្រៅបានធ្វើការដោះស្រាយទៅតាមនិតិវិធីរបស់ក្រសួងបរិស្ថាន។
ចំណែកឯលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាបនិយាយថា លោកនឹងធ្វើការស្រាវជ្រាវបន្ត រកមេខ្លោងដែលបើកភ្លើងខៀវអោយនេសាទក្នុងតំបន់អភិរក្សនេះអោយឃើញខានតែបាន។ រីឯលោក អ៊ុំ ភ្លឺ ប្រធានសហគន៍ផ្ទោលស្រោង និយាយថា ទាក់ទងទៅនឹងបញ្ហាទាំងនេះលោកមិនបានដឹងទេព្រោះយប់នោះខ្យល់ខ្លាំងទើបកម្លាំងរបស់ពួក លោកមិនបានទៅល្បាត។
ជីក្រែង (ដោយ អ៊ុក ផ្លុង)




































