សៀមរាប៖ នៅរសៀលថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៥ម្សិលមិញនេះគណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកស្រី បណ្ឌិតឧកញ៉ា លី អ៊ុំអេង តំណាងដ៏ ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ផ្កាយមាសបួន
ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជា នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួម ទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស និង មន្ត្រីប្រតិបត្តិករស៊ីម៉ាក់ បានអញ្ជើញចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខ័ន្ត សពរបស់ លោក ប៊ួយ គឹមលៀង ប្រធានក្រុម B.A.C.01ចំណុះទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥ និង៤៨នាទី នារសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពា ក្នុងជន្មាយុ ៥៦ឆ្នាំ នៅភូមិ ទ្រៀក សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។
បន្ទាប់ពីគណៈប្រតិភូបានដាក់នូវកម្រងផ្កា និង ការបូជ្ញាទៀន ធូក ដើម្បីឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត នៃសពលោក ប៊ួយ គឹមលៀង និង ធ្វើការស្មឹងស្មាត គោរពវិញ្ញាណក្ខ័ន្តនៃសព ក្នុងការរំលឹងនូវគុណបំណាច់របស់លោក ដែលបានតស៊ូពុះពារក្នុងការបំរើជាតិមាតុភូមិ នៃទឹកដីសុវណ្ណភូមិកម្ពុជាយើង ក្នុងការបោសសម្អាតនូវយុទ្ធភ័ណ្ឌមិនផ្ទុះ ដែលសេសសល់កាលពីសង្គ្រាម ។
ក្នុងការចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារលោក ប៊ួយ គឹមលៀង នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី និង លោកស្រីបណ្ឌិតឧកញ៉ា លី អ៊ុំអេង និង អស់លោក ព្រមទាំងសមាជិកក្រុមប្រតិភូដែលបានចូលរួម ក្នុងការរំលែកទុក្ខ គោរពវិញ្ញាណក្ខ័ន្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើម ដែលត្រូវជាមិត្តភក្ត័រួមការងារ។ម្យ៉ាងទៀតចំពោះគំរូនៃវីរៈភាពនិង រាល់ស្នាដៃនៃសមិទ្ធផលដ៏ធំធេងដែលលោកបានបន្សល់ទុកនៅក៏បានធ្វើបងប្អូនរួមការងារនៃអង្គភាពស៊ីម៉ាក ចងចាំជានិច្ចនូវគំរូវីរៈដ៏ឆ្នើមរបស់លោក ដែលធ្វើឲ្យកូនចៅជំនាន់ក្រោយ សិក្សារៀនសូត្រពីវីរៈភាពទាំងនេះ ។
ក្នុងនោះដែរលោក ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី ក៏បានអាននូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជានាយករងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួមទាំងអស់លោកជានាយ និង ពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្សជូនចំពោះគ្រួសារសពលោកប៊ួយគឹមលៀង ព្រមទាំងបានធ្វើការឧទិ្ទសជូនដល់វិញ្ញាណក្ខ័ន្តលោក ប៊ួយ គឹមលៀង ឲ្យបានទៅកាន់ទីសោយសុខក្នុងសុគតិភពថ្មី ព្រមទាំងសូមបែរក្រោយឲ្យពរជ័យដល់ថ្នាក់ដឹកនាំជាតិ បងប្អូនរួមការងារ និង ក្រុមគ្រួសារ សូមឲ្យជួបតែសេចក្តីសុខ នឹង ដឹកនាំប្រទេសឲ្យមានកិច្ចអភិវឌ្ឍរីកចម្រើន ។
ដើម្បីចូលរួមក្នុងពិធីបុណ្យសពរបស់លោក ប៊ួយ គឹមលៀង នេះដែរឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង និង លោកជំទាវ នូវថវិកា ១ពាន់ដុល្លា , អង្ករ២០០គក្រ , ប៊ីចេង ០៥គក្រ , ទឹកត្រី ០២យូរ ,ទឹកស៊ីអ៊ីវ ០២យូរ ដល់ក្រុមគ្រួសារសពដើម្បីចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យសពផងដែរ ។
ឱកាសនោះដែរគណៈប្រតិភូក៏បានអញ្ជើញចូលរួមក្នុងពិធីទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាមួយក្រុមគ្រួសារនៃសពផងដែរ ៕