(ខេត្តព្រៃវែង)៖ ល្បែងស៊ីសងកំពុងតែកើតមានយ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ល្បែងស៊ីសងទាំងនោះមាន ភ្នាល់បាល់ ចាក់កន្ទុយលេខ ហ្គេម ។ ដោយឡែកសមត្ថកិច្ចប៉ូលីសប៉េអឹមស្រុកពាមរក៍ មិនដែលធ្វើដឹងធ្វើលឺ រឺក៏យកភ្នែកមើលនោះទេ បណ្តែតបណ្តោយអោយមានល្បែងស៊ីសងយ៉ាងពេញទំហឹងនៅក្នុងដែនអាណាចក្ររបស់ខ្លួនទៅហើយ សមត្ថកិច្ចនៅតែធ្វើប្រងើយ ហើយខិតខំបិតបាំងដើម្បីទទួលលាភសក្ការៈពីម្ចាស់ដែលបើកល្បែងស៊ីសង ។
ការបើកអោយមានល្បែងស៊ីសង រីកដូចផ្សិតនៅក្នុងឃុំព្រែកខ្សាយ “ខ” នាពេលសព្វថ្ងៃនេះធ្វើអោយសមត្ថកិច្ចប៉ូលីសប៉េអឹមស្រុកពាមរក៍កំពុងសប្បាយចិត្តបើកលុយដាក់ខែពីម្ចាស់ផ្ទះដែលបើកល្បែងស៊ីសងក្នុង១ខែៗរាប់លានរៀល មិនខ្ចីខ្វល់ពីផលប៉ះពាល់ សន្តិសុខសង្គមជាពិសេសកំពុងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហើយកំពុងកើតមានអំពើចោរកម្មគ្រប់រូបភាពមាន លួច ឆក់ ប្លន់… ។ ល។
ជាការពិតណាស់បើសិនម្ចាស់ផ្ទះដែលបើកល្បែងស៊ីសង និងសមត្ថកិច្ចមិនយល់ចិត្តគ្នាមិនប្រទាក់ក្រឡានឹងគ្នា នោះទេ ល្បែងស៊ីសងទាំងអស់មិនអាចបើកលេងបានយ៉ាងរលូនបែបនេះបានឡើយ ។
ប្រជាពលរដ្ឋបាននឹងកំពុងរិះគន់អាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិច្ចប៉ូលីសប៉េអឹមថា បានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយណាមួយពីម្ចាស់ផ្ទះដែលបើកល្បែងស៊ីសងខុសច្បាប់នេះហើយ ទើបអ្វីៗមិនមានសមត្ថកិច្ចណាចូលទៅរំខាន រឺបង្ក្រាបនោះទេ ។
ពាក់ព័ន្ធល្បែងស៊ីសងកើតមានយ៉ាងគក្រើកនៅឃុំព្រែកខ្សាយ “ខ” នាពេលបច្ចុប្បន្ននេះ តើលោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង មានបានជ្រាបដែរ រឺទេ បើមិនបានជ្រាបទេ សូមលោកចេញបទបញ្ជាបង្ក្រាបភ្លាមៗ អោយខានតែបាន កុំទុកអោយជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ៕