ខេត្តសៀមរាប៖ កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ទី២៧ខែមិថុនា ដោយសារតែប្រជាពលរដ្ឋ២ក្រុម បានប៉ះទង្គិចគ្នា ក្នុងរឿងដណ្ដើមគ្នាបង្កើតសមាគម កាណូតនិងទូកអុំ ដើម្បីលក់សំបុត្រនិងដឹកភ្ញៀវទេសចរណ៍ ទស្សនាបឹងទន្លេសាប។ការប៉ះទង្គិចគ្នា ដោយប្រើដុំឥដ្ឋនិងដាវសាំម៉ូរ៉ៃខ្លះផង បានកើតឡើង នៅពេលដែលអាជ្ញាធរឃុំ កំពង់ភ្លុកនិងស្រុកប្រាសាទបាគង រៀបចំឱ្យប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុកនិងឃុំមានជ័យ ធ្វើការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូតនិងទូកអុំ ដឹកភ្ញៀវទេសចរណ៍ ក៏ប៉ុន្តែមានប្រជាពលរដ្ឋចម្រុះ ប្រមាណ១០០នាក់ ដែលរស់នៅតំបន់ផ្សេង បានលើកគ្នាទៅអុកឡុក បង្ខំ ឱ្យលុបចោលការបោះឆ្នោតនោះ។
ក្រុមអ្នកតវ៉ា ដែលគេដឹងថាមានមនុស្សនៅពីក្រោយខ្នង ហើយដឹកជញ្ជូនមកពីច្រើនកន្លែងដូចជាមកពីតំបន់ទន្លេសាបចុងឃ្នាស ក្រុងសៀមរាប ភូមិពាមតាអួ ស្រុកពួក និងឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគម ព្រមទាំងមានអ្នកកំពង់ភ្លុកតិចតួចផង បាននាំគ្នាលើកបដាប្រឆាំងនិងអាជ្ញាធរខេត្តសៀមរាប ប្រឆាំងនិងអ្នកតំណាងរាស្ត្រសៀង ណាំ ព្រមទាំងស្រែកទាមទារ ឱ្យរំលាយចោលការបោះឆ្នោតជ្រើសរើស តំណាងសហគមន៍ការណូតនិងទូកអុំ ដឹកភ្ញៀវទេសចរណ៍ ទស្សនាទន្លេសាបនៅឃុំកំពង់ភ្លុកនោះវិញ។
((រំលាយការបោះឆ្នោតចោល ព្រោះតែច្បាប់មិនមានប្រសិទ្ធិភាព បក្សពួកនិយម អត់មានការយល់ព្រមពីប្រជាពលរដ្ឋ ពួកខ្ញុំអត់ឱ្យបោះឆ្នោតបានទេ))។
អភិបាលរងខេត្តសៀមរាប ដែលទៅឃ្លាំមើលការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូតនិងទូកអុំ ដឹកភ្ញៀវទេសចរណ៍កំពង់ភ្លុក លោកប៊ុន ថាឬទ្ធិ បានហៅប្រជាពលរដ្ឋ១ក្រុមដែលស្រែកទាមទារនោះថា បានលើកគ្នាទៅឆាឆៅ អ្នកកំពង់ភ្លុកមិនឱ្យបង្កើតសហគមន៍កាណូតនិងទូកអុំ ដើម្បីទទួលកម្រៃពីទេសចរណ៍នៅតំបន់នោះកើតឡើងតាមរយៈការបោះឆ្នោតបាន។អាជ្ញាធរខេត្តសៀមរាប សុខចិត្តផ្អាកការរៀបចំការបោះឆ្នោតនេះ មួយរយៈ ហើយព្យាយាមដោះស្រាយបញ្ហាប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋទាំងពីរក្រុមនោះ ឱ្យមានស្ងប់ស្ងាត់ជាមុនសិន៕ ឧត្តមនិងប៊ុតសាម