ពិធីហៅទឹកភ្លៀងជាផ្នែកមួយនៃទំនៀមទម្លាប់របស់ខ្មែរដែលមិនអាចកាត់ផ្តាច់បាន

0

ខេត្តសៀមរាប៖ ពលរដ្ឋនៅខេត្តសៀមរាប នៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ ពិធីសាសនា ទំនៀមទម្លាប់ប្រចាំថ្ងៃ និងកិច្ចពិធីផ្សេងៗជាច្រើនដែលអ្នកស្រុកអង្គរ716x266_11215114_427438374129763_8143042044365589765_nកំពុងបន្តប្រតិបត្តិ គឺជាសញ្ញាណនៃព្រលឹងជាតិអង្គរ ដែលជាកេរដំណែល របស់ដូនតាខ្មែរតាំងពីសម័យអតីតកាល ហើយពិធី ហៅទឹកភ្លៀង ក៏ជាកិច្ចពិធីមួយដែលអ្នកឃុំលាងដៃក្នុងតំបន់រមណីយដ្ឋានអង្គរ តែងតែធ្វើឡើងដើម្បីសុំទឹកភ្លៀងសម្រាប់ការងារប្រកបកសិកម្ម និងការដាំដុះផ្សេងៗ។ ពិធីនេះត្រូវបានអ្នកភូមិរក្សាតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ រហូតមិនអាចដឹងបានថាវាមានដើមកំណើតពីពេលណា ហើយអ្នកណាជាអ្នកផ្តួចផ្តើមមុនគេនោះឡើយ។ ចម្លើយដែលតបនឹងសំណួរថាតើវាបានកើតឡើងពីពេលណានោះ គ្មានអ្វីក្រៅពីពាក្យថា ដូនតាៗនាំគ្នាធ្វើតៗមកនោះឡើយ។ កាលពីពេលថ្មីៗ កន្លងទៅនេះ ពិធីហៅទឹកភ្លៀងត្រូវបាន អ្នកឃុំលាងដៃរួមគ្នាប្រារព្ធធ្វើឡើងនៅប្រាសាទនាគព័ន្ធជាប្រាសាទ ដែលអ្នកស្រុកជឿជាក់ថា អាចផ្តល់នូវទឹកភ្លៀងតាមការស្នើសុំរបស់ពួកគេបាន។ តាមការសង្កេតពិធីនេះធ្វើឡើងលាយចម្រុះគ្នារវាងពិធីសាសនា និងទំនៀមអ្នកស្រុកដែលចេះចាំតៗគ្នាមក។ គេធ្វើពិធីនេះរយៈពេល២ថ្ងៃ ដោយថ្ងៃដំបូងគេរៀបចំពិធីក្រុងពលី ប្រកាសបួងសួង និងសែនគ្រឿងសំណែនផ្សេងៗ ក្នុង716x266_11223626_427438390796428_1451525517200332847_oគោលបំណងសុំទឹកភ្លៀង។ ពិធីជាបន្ត គឺការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ ព្រះសង្ឃជាង២០អង្គស្វាធ្យាយនូវព្រះបរិត្តផ្សេងៗ តែមានព្រះបរិត្តមួយ ដែលអាចារ្យអ្នករៀបចំកម្មវិធីតែងអារាធនា ដើម្បីឲ្យព្រះសង្ឃស្វាធ្យាយ មិនដែលខាននោះគឺ ធម៌មហាមេឃ។ តាមការសាកសួរពួកគាត់បញ្ជាក់ថា កាលណាព្រះសង្ឃសូត្រធម៌នេះ មហាមេឃនឹងបង្អុលភ្លៀងចុះមកមិនខាន។ មានពិធីមួយទៀត ដែលត្រូវបានប្រារព្ធឡើងបន្ទាប់ពីចម្រើនព្រះបរិត្តហើយ នោះគឺពិធីចូលរូប។ ពិធីបញ្ចូលរូបដែលនឹងមានរូបជាច្រើនចូលមកក្នុងរូបមេមត់នោះដូចជា លោកតារាជ (នៅអង្គរវត្ត) លោកតាខួច (នៅប្រាសាទប្រែរូប) តាសុខ តាសៅ តាដំបងដែក តាដំបងគ្រញូង នាងផាត់សមុទ្ទ នាងខ្មៅ អង្គទស្វាជាដើម។ រូបនោះមានច្រើន ហើយសុទ្ធសឹងជាមនុស្សស្រី។ ពេលមកចូលមកម្តងៗ ផ្តើមលាបម្សៅ ហូបគ្រឿងស្រវឹងផ្សេងៗ រាំពត់ពែនទៅតាមចង្វាក់ភ្លេង។ គួររំលឹកផងដែរថា ក្នុងឆ្នាំនេះ មានរូបចំនួន៤បានមកសណ្ឋិតគឺ តាដំបងដែក ជម្ពូទ្វីប សំពៅមាស និងភុជង្គនាគ។ ក្នុងចំណោមរូបសណ្ឋិតទាំងនោះ ជម្ពូទ្វីបហាក់ខឹងសម្បារជាងគេ។ ក្រោយពីរាំពត់ពែនតាមចង្វាក់ភ្លេងហើយ ក៏បែរជាបង្ហាញទឹកមុខមាំក្រញ៉ូវ ស្តីបន្ទោសខ្លាំងៗដល់អ្នកដែលអង្គុយក្បែរ ដែលហៅខ្លួនឯងថាជាកូនចៅចាំសាកសួរសំណួរផ្សេងៗ។ ពាក្យបន្ទោសទាំងនោះសង្កត់ធ្ងន់ទៅលើការបំផ្លិចបំផ្លាញ ធម្មជាតិ ជាហេតុធ្វើឲ្យមហាមេឃបង្អុលភ្លៀងមិនបានល្អ និងមិនត្រូវរដូវកាល។ ក្រោយពីកូនចៅអង្វរករជាច្រើនរួចមកទើប ជម្ពូទ្វីបស្រាកស្រាន្តបន្តិច ហើយនិយាយសម្តីរាងស្រទន់ជាងមុន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលព្រះសង្ឃកំពុងតែសូត្រធម៌ មហាមេឃក៏បង្អុលភ្លៀងចុះមកបន្តិចម្តងៗ ស្ទើរតែបញ្ចប់មិនទាន់។ តែទោះជាយ៉ាងណាព្រះសង្ឃគ្រប់អង្គ សូត្រធម៌បណ្តើរបាំងភ្លៀងបណ្តើររហូតដល់ចប់សព្វគ្រប់។ លុះពេលព្រឹកឡើងគេនិមន្តព្រះសង្ឃឆាន់ យាគូ និងរាប់បាត្រព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា។ មុននឹងបញ្ចប់កម្មវិធី អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ ៣ជុំ ដោយចាក់ទឹកលើក្បាលទ (ដែលអ្នកស្រុកហៅថា រន្ធរាហ៊ូ) ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំងបួន។ មិនតែប៉ុណ្ណោះ អ្នកស្រុកក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែនទែន៕716x266_11537926_427438400796427_21321119786348619_o