ភ្នំពេញ ៖ បុរសជនជាតិជប៉ុនម្នាក់ ដែលស្រវឹងស្រាជោកជាំ ហើយបើកបររថយន្ត ក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកនិងរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត់៣កង់ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងរបងផ្ទះធ្វើឲ្យគាបជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង៣និង៣០ នាទីយប់ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចស្តុបចំការមន តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៌មានពីអ្នករត់ម៉ូតូឌុបដែលនៅក្បែរកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញបុរសម្នាក់ជាជនជាតិជប៉ុន មានអាយុប្រហែលជា២៥ ឆ្នាំ បានបើករថយន្តមួយគ្រឿងម៉ាក ធុនត្រា ពណ៌ឈាមជ្រូក ពាក់ស្លាក់លេខ ភ្នំពេញ 2Y- 2057 ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ក្នុង
ល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុច កើតហេតុ ក៏ជ្រុលចង្កួតទៅបុករបាំងថ្មចែកទ្រូងផ្លូវមួយទំហឹងធ្វើឲ្យបាក់ខូចខាតចំនួន៣កង់ ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងរបងផ្ទះធ្វើឲ្យគាបជាប់ទៅមុខលែងរួច សំណាងល្អដោយអ្នកបើករថយន្តនេះគ្រាន់តែរងរបួសស្រាល ឯចំណែករថយន្តវិញបានខ្ទេចមួយកំណាត់ខាងមុខស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅតែទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយផ្លូវច្បាប់៕