ចាប់ជើង​ខ្លាំង​២​នាក់ ដើរ​ចែកចាយ ថ្នាំញៀន តាម​ក្លឹប និង​ផ្ទះសំណាក់​

​កោះកុង ៖ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​បញ្ជូន​ខ្លួន ទៅ​សាលាដំបូង ខេត្ដ​កោះកុង នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់​ពី​បទ​ចែកចាយ​ថ្នាំញៀន​នៅ​តាម​ក្លឹប និង​តាម​ផ្ទះសំណាក់​។​

​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ស្ថិត​នៅ​ចំណុច​ខាងជើង​ផ្សារ​ដង​ទង សង្កាត់​ដង​ទង ក្រុង​ខេរ​ភូ​ម្ទិ ខេត្ដ​កោះកុង ដោយ​រឹបអូស​បាន ម៉ា​ទឹកកក​ចំនួន ២​កញ្ចប់​តូច​ទៀតផង ។​
​ជនសង្ស័យ​ទាំង​២​នាក់ មានឈ្មោះ ទី​១- អ៊ុំ ចំរើន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេ​ម​ភូមិន្ទ មានមុខ​របរ រត់​ម៉ូតូឌុប ទី​២- ឈ្មោះ កែវ ប្រុស ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ដ​កោះកុង មាន​មុខរបរ​រត់​ម៉ូតូឌុប ដូចគ្នា​។​
​ប្រតិ​បត្ដិការណ៍​នេះ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ យឹម ផេង ស្នងការរង និង​ប្រធាន​ការិយាល័យ​កណ្ដាល ប្រឆាំង​បទល្មើស​ខេត្ដ លោកស្រី ម៉ាក់ នី ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្ដ​កោះកុង រួមទាំង​មន្ដ្រី​នៅក្រោម​ឱវាទ​ជាច្រើន​នាក់​ទៀត ។​
​លោក វរសេនីយ៍ទោ យឹម ផេង បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង ឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ គឺ​កម្លាំង​របស់លោក តាម​ស៊ើប​សង្កេត​ជា​យូរណាស់​មកហើយ ទើប​នៅ​យប់​ម៉ោង​១ ថ្ងៃទី​១៩ ខែ​មេសា កម្លាំង​លោក​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ខាងលើ ហើយ​ឆែកឆេរ​បាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច និង​សម្ភារៈ​ជក់​ថ្នាំ​មួយចំនួនទៀត ។​
​ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ដើរ​ធ្វើ​សកម្មភាព​លក់​យ៉ាងសកម្ម នៅតាម​ផ្ទះសំណាក់ និង​ក្លឹប​កំសាន្ដ តែ​ពេល​នេះ ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់ និង​ធ្វើ​ស៊ើប​សង្កេត​រក​ទីតាំង​លក់​បន្ដ​ទៀត​។​
​លោក វរសេនីយ៍ទោ យឹម ផេង បាន​បន្ដថា ដោយ​មាន​ការចង្អុលបង្ហាញ ពី​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ និង​ដោយ​មាន​ការដឹកនាំ របស់​លោក​ស្នងការដ្ឋាន នគរបាល​ខេត្ដ ដើម្បី​ការ ការពារ​ភូមិ​ឃុំ​មាន​សុ​វត្ដិ​ភាព ជូន​ប្រជាពលរដ្ឋ នៅ​គ្រប់​បណា្ដ​មូលដ្ឋាន​ទាំងអស់ ឱ្យមាន​សុ​វត្ដិ​ភាព លោក​មិន​ខ្លាច​ពី​ការនឿយហត់​ឡើយ ហើយ​មិន​ថា​នៅ​កន្លែង​ជិត ឬ​កន្លែង​ឆ្ងាយ​ឡើយ ឱ្យ​តែ​លោក​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់ នៅ​គ្រប់​មូលដ្ឋាន​លោក នឹង​ទៅ​ដល់​ទីនោះ​ភ្លាម ដោយ​មិន​នៅអែរ​អង់​ឡើយ ៕​

photo