ភ្នំពេញ ៖ តាមគម្រោង នៅព្រឹកថ្ងៃច័ន្ទទី២១ ខែមេសា នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅទល់មុខពហុកីឡាដ្ឋានជាតិអូរឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នឹងមានពិធីផ្លាស់ប្តូរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ គឺ ឯកឧត្តម ជីវ កេង នឹងត្រូវទៅ បំពេញតួនាទីជាអនុប្រធានតុលាការកំពូល ។ អ្នកដែលត្រូវចូលកាន់តំណែងជាប្រធានសាលាដំបូង រាជធានីភ្នំពេញ ថ្មីនេះ គឺ ឯកឧត្តម អាំង មាលតី បច្ចុប្បន្នជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ពិធីផ្លាស់ប្តូរតំណែងនេះ គឺធ្វើឡើងផ្អែកទៅតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ឡាយព្រះហស្តលេខាដោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រមកម្ពុជា ។
ក្រៅពីការផ្លាស់ប្តូរតួនាទីប្រធានសាលាដំបូងរាជធានីភ្នំពេញ យោងតាមព្រះរាជក្រឹត្យដដែល នឹងមានការផ្លាស់ប្តូរតំណែង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានី ខេត្ត មួយចំនួនទៀត សរុប៧៨នាក់ ។ ចំពោះសេចក្តីរាយការណ៍ពិស្តារនឹងមាននៅពេលក្រោយ ៕