ខេត្តព្រះវិហារ៖តាមសេចក្ដីរាយការណ៍បានអោយដឹងថាមានករណីអំពើឃាតកម្មដ៍សាហាវមួយបានកើតទ្បើងនៅចំណុចព្រៃប្រើសស្លាប់ភូមិស្វាយប៉ាតឃុំរំដោះស្រុករវៀងជាប់ព្រំប្រទល់ស្រុកសង្គមថ្មីខេត្តព្រះវិហារគឺបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុកាលពីថ្ងៃទី២៧មិថុនា២០១៥ខណះពេលគាត់ដេកចាំចំការ។
សពជនរងគ្រោះឃើញចងដៃទាំង២ក្រពាត់ទៅក្រោយហើយក្បាលបានដាច់ចេញពីដងខ្លួនសង្ស័យឃាតករកាប់នឹងកាំបិតផ្គាក់សម្លាប់យ៉ាងឃោរឃៅ។សមត្ថកិច្ចនគរបាលខេត្តព្រះវិហារបានចុះទៅត្រួតពិនិត្យផ្ទាល់នៅនឹងកន្លែងកើតហេតុការណ៍។ប្រភពព័ត៌មានពីអាជ្ញាធរបានសន្និដ្ឋានថាអំពើឃាតកម្មនេះកើតទ្បើងដោយសារជនរងគ្រោះនិងជនសង្ស័យផឹកស្រាជាមួយគ្នាហើយមានទំនាស់ពាក្យសំដីនិយាយឌឺដងគ្នា។
លោកឯសារ៉ូអភិបាលស្រុករវៀងនិងជាប្រធានគណះបញ្ជាការឯកភាពស្រុកបានអោយដឹងនៅរសៀលថ្ងៃទី២៩មិថុនា២០១៥ថាលោកបានទទួលរបាយការណ៍ពីនគរបាលហើយក្នុងនោះបានរាយការណ៍ថាសពជនរងគ្រោះឈ្មោះអឿនអុនភេទប្រុសអាយុ៤០ឆ្នាំស្រុកកំណើតនៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
លោកអភិបាលស្រុកបន្តទៀតថាជនសង្ស័យចំនួន២នាក់ត្រូវកំលាំងនគរបាល ចុះបេសកកម្មចាប់ឃាត់ខ្លួនបានដល់ស្រុកបារាយណ៍ខេត្តកំពង់ធំកាលពីថ្ងៃទី២៨មិថុនា២០១៥គឺនៅថ្ងៃទី២៩មិថុនានេះសមត្ថកិច្ចនគរបាលជំនាញកំពុងស៊ើបសួរចម្លើយជនសង្ស័យទាំង២នាក់នៅអធិការដ្ឋាននគរបាលស្រុករវៀង។
លោកអភិបាលស្រុកបានបញ្ជាក់ថាជនសង្ស័យទី១ឈ្មោះអ៊ូឧត្តមភេទប្រុសអាយុ១៩ឆ្នាំមុខរបរធ្វើចំការមានស្រុកកំណើតដូចគ្នានឹងសពជនរងគ្រោះនិងទី២ឈ្មោះថនធនបុរីភេទប្រុសអាយុ១៩ឆ្នាំមុខរបរធ្វើចំការស្រុកកំណើតនៅភូមិជីវភាពឃុំអណ្តូងពោធិ៍ស្រុកបារាយណ៍ខេត្តកំពង់ធំ៕