ខេត្តកំពង់ឆ្នាំង ៖ អដ្ឋិធាតុចំនួន១៩ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធីបង្សុកូលផ្ទេរប្រគល់ធ្វើមាតុភូមិនិវត្តន៍ជូនបងប្អូនក្រុមគ្រួសារនៅសាធារណរដ្ឋសង្គ មនិយមវៀតណាមជំហានទី១៤រដូវប្រាំងឆ្នាំ២០១៤.២០១៥ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ត្រី ផាន ហ្វោងធូ នាយករងនាយកដ្ឋាននយោបាយយោធភូមិភាគទី៩ ឯកឧត្តមឧត្តមសេនីយ៍ទោ មុំសុភាព មេបញ្ជាការរងយោធភូមិភាគពិសេស ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋសរុប៩១៤នាក់។
តាមរបាយការណ៍របស់លោក ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត បានអោយដឹងថា៖អនុវត្តតាមកិច្ចព្រមព្រៀងលើកំណត់ហេតុលើកទី១៣ដែលបានចុះហត្ថលេខានៅថៃ្ងទី៨ ខែកក្កដា ឆ្នាំ២០១៤ នៅទីក្រុងហូជីមិញរវាងប្រតិភូជំនាញថ្នាក់ជាតិវៀតណាម និងគណប្រតិភូគណៈកម្មការជំនាញថ្នាក់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការបន្តជីកលើកទី១៤ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញការវៀតណាមដែលបានពលីជីវិតសម័យសង្គ្រាមលើទឹកដីកម្ពុជា។
លោកបានបន្តថាគណៈកម្មការជំនាញខេត្តកំពង់ឆ្នាំងបានចាត់តាំងកំលាំងសហការជាមួយក្រុមជំនាញK90ចុះអនុវត្តន៍ស្រាវជ្រាវជីកលើកអដ្ឋិធាតុជំហានទី១៤រដូវប្រាំងឆ្នាំ២០១៤.២០១៥ យ៉ាងសកម្មនៅលើភូមិសាស្ត្រខេត្តកំពង់ឆ្នាំងចាប់ពីថៃ្ងទី១៦ ខែតុលា ឆ្នាំ២០១៤ បានបញ្ចប់ថៃ្ងទី៣០ ខែមិថុនា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋជាលទ្ធផលឆ្នាំ២០១៤.២០១៥យើងរកឃើញចំនួន២៣កន្លែងដែលមានផ្លូវចំនួន៦១ជាក់ស្តែងជីកលើកបានតែ១៩សពក្នុងនោះនៅស្រុកសាមគ្គីមានជ័យ១៦សព និងស្រុកទឹកផុស០៣សព។
ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមអាជ្ញាធរខេត្ត និងជាតំ ណាងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានធ្វើការសម្ដែងនូវការដឹងគុណបំណាច់របស់កងទ័ពស្ម័គ្រចិត្ត និង ប្រជាជនវៀតណាម ដែលបានលះបង់ប្ដី កូនជាទីស្រឡាញ់របស់ខ្លួនក្នុងការបំពេញភារកិច្ចអន្តរជាតិចូលរួម សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាអោយបានរួចផុតពីបន ប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងចូលរួមក្នុងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យពី គំនរផេះផង់អោយមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានលើកឡើងផងដែរនូវ ការធ្វើពលីកម្មជីវិតរបស់កងទ័ពស្ម័គ្រវៀតណាមនៅកម្ពុជា សំខាន់នៅលើភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មិនមែនជាការចូលឈ្លានពាន របស់កងទ័ពវៀតណាម វាមិនដូចការនិយាយរបស់ក្រុមជ្រុលនិយមមួយចំនួននោះឡើយ បើពុំមានវត្តមានកងទ័ពស្ម័គ្រចិត្តវៀតណាមទេនោះ ក៏ពុំមានក្រុមជ្រុលនិយមដើរស្រែកនៅលើទឹកដីកម្ពុជាដល់សព្វថ្ងៃ នេះផងដែរ។
ក្នុងនោះដែរ លោកក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ស្វែងរកអដ្ឋិធាតុ ទាំងកម្ពុជា និងវៀតណាមដែលបានធ្វើកិច្ចសហការជាមួយគ្នាបានល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធក្នុងការធានាលើការស្នាក់នៅ និងសន្តិសុខ សុវត្ថិភាព ព្រមទាំងបានបង្កនូវលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការស្វែងរុករកអដ្ឋិធាតុ។
ឯកឧត្តម ក៏បានបញ្ជាក់ថា ថ្ងៃនេះយើងបានជួបជុំគ្នាធ្វើពិធីបង្សុកូលផ្ទេរប្រគល់អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តទៅជួបជុំបងប្អូនក្រុមគ្រួសារដែលត្រូវ បានទន្ទឹងរង់ចាំជាយូរមកហើយ បានយកទៅធ្វើបុណ្យទៅតាមគន្លងប្រពៃរបស់ខ្លួន។ ទន្ទឹមនេះដែរ អាជ្ញាធរខេត្តនៅតែបន្តក្នុងកិច្ចសហប្រតិបត្តិការក្នុងការស្វែង រុករកនូវអដ្ឋិធាតុដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាមួយក្រុមការងារK90 និងអាជ្ញាធរខេត្តអាជ្ញាធរខេត្តហូវយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមអោយបានគ្រប់ចំនួនផងដែរ។
ក្នុងកម្មវិធីនោះដែរ ក៏មានការនិមន្តព្រះសង្ឃធ្វើការសូត្រមន្ត បង្សុ័កូល ឧទ្ទិសកុសលដល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ព្រមទាំងបានធ្វើការប្រគល់ទទួលអដ្ឋិធាតុទាំងនោះ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសខ្លួន បានជួបជុំឪពុកម្ដាយ បងប្អូន កូនក្មួយ ដើម្បីបានធ្វើបុណ្យទៅតាមប្រពៃណីរបស់ខ្លួន៕