ខេត្តស្ទឹងត្រែង៖ កំលាំងអគ្គស្នងការនគរបាលជាតិសហការជាមួយកំលាំងស្នងការដ្ឋាននគរបាលខេត្តនិងមានការចូលរួមពីលោកព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងខេត្តដឹកនាំដោយឯកឧត្តមម៉ក់ ជីតូ អគ្គស្នងការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចុះឡោមព័ទ្ធឆែកឆេរ លំនៅដ្ឋានមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំនៅខេត្តស្ទឹងត្រែងពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀនជិត៥៥គីឡូក្រាមកន្លងមកថ្មីៗនេះ។
ប្រតិបត្តិការចុះឡោមព័ទ្ធឆែកឆេរផ្ទះមេខ្លោងជួញដូរគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាមោ់ង៨និង៣០នាទីព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥ចំនុចផ្សេងៗគ្នាចំនួន៤កន្លែងស្ថិតក្នុងក្រុង ខេត្តស្ទឹងត្រែង។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានអោយដឹងថាផ្ទះរបស់មេក្លោងជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចឆែកឆេរមានឈ្មោះ ដាំ ញ៉ា ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ និងមានទីលំនៅក្នុង ភូមិកណ្តាលសង្កាត់ ក្រុងស្ទឹងត្រែង និងមានផ្ទះចំនួន៣កន្លែងនិងហាងខារ៉ាអូខេមួយកន្លែង ដែលសមត្ថកិច្ចធ្វើការឆែកឆេរ។
ផ្ទះដែលសមត្ថកិច្ចឡោមព័ទ្ធឆែកឆេរមានចំនួន៤កន្លែង ១ស្ថិតនៅក្នុងភូមិកណ្តាល ២នៅភូមិព្រែក ៣នៅចំណុចផ្ទះចំការអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល និង៤ ហាងខារ៉ាអូខេពិភពថ្មី ស្ថិតនៅភូមិព្រែក ផ្ទះចំនួន៣កន្លែង និងហាងខារ៉ាអូខេមួយកន្លែង ស្ថិតនៅក្នុងសង្កាត់ ក្រុង ស្ទឹងត្រែង ។
សមត្ថកិច្ចបន្តអោយដឹងទៀតថានៅក្នុងប្រតិបត្តិការឆែកឆេរលំនៅដ្ឋានចំនួន៣កន្លែងនិងហាងខារ៉ាអូខេមួយកន្លែង បានបញ្ចប់នៅវេលាម៉ោង១២ថ្ងៃត្រង់នេះ ហើយនៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានរកឃើញ និងបានដកហូតបានទូដែកមួយគ្រឿង ដែលមិនអាចបើកបានថាមានអ្វីនៅក្នុងនោះឡើយ។
បច្ចុប្បន្នវត្ថុតាងទូដែកដែលសមត្ថកិច្ចដកហូតបានពីផ្ទះមេខ្លោងជួញដូរគ្រឿងញៀនត្រូវបានដឹកតាមរថយន្តនាំយកមកកាន់អគ្គស្នការនគរបាលជាតិ ដើម្បីធ្វើការត្រួតពិនិត្យ។ចំណែកផ្ទះ៣កន្លែងរួមទាំងហាងខារ៉ាអូខេមួយកន្លែង ត្រូវបានសមត្ថកិច្ចឃ្លុំបេចាក់សោទុក ស្ថិក្រោមការស្រាវជ្រាវបន្តចាត់ការទៅតាមនីតិវិធី៕