ខេត្តកំពង់ធំៈ ដីព្រៃ រាប់ពាន់ហិចតា កំពុងតែត្រូវបានរុករាន្ទកាប់បំផ្លាញ ដុតព្រៃវាទទីយកដីយកមកធ្វើជាកម្ម សិទ្ធ ដោយពុំមានការហាមឃាត់ និងទប់ស្កាត់សូម្បីតែបន្តិច ពីសំណាក់មេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ឋ ដែលត្រូវបានគេដឹងថា ការកាប់រុករាន្ទដីព្រៃនេះ ភាគច្រើនជារបស់សមត្ថកិច្ច និងអ្នកមានអំណាច ចំណែកប្រជាពលរដ្ឋមួយចំនួនតូច បានធ្វើសកម្មភាព កាប់ដុតបំផ្លាញជារៀងរាល់ថ្ងៃ។តាមការៀបរាប់ពីសំណាក់ អ្នកចំការនៅទីនោះ បានឲ្យដឹងថា ដីនៅចំនុច៥៥ ភូមិអូរតូច ឃុំយក្យកៈតី ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប្រជាពលរដ្ឋជាច្រើន បាន
នាំគ្នាកាប់ព្រៃ ផ្តួលរំលំ ក្រោយមកនៅពេលដែលងាប់ស្លឹកអស់ ក៏ចាប់ផ្តើមដុត ហើយនាំយកដំឡូង និងដំណាំមក ដាំតែម្តង ដោយមិនបាច់ភ្ជួរនោះទេ លុះដំណាំដុះក៏ក្លាយជាចំការរួចរាល់ លោកបានបញ្ជាក់ថា ការកាប់ដុតនេះ ពុំមាននណារចែកឲ្យទេ គឺចាប់យករៀងខ្លួន ក្នុងនោះក៏មានការបង់លុយឲ្យលោក មេព្រៃ និងសមត្ថកិច្ចដែលប្រចាំការនៅទីនោះផងដែរ ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថា លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បើកដៃឲ្យមានការកាប់វាទទី ដីព្រៃយកមកធ្វើជាកម្មសិទ្ធិនោះ ដោយមិនខ្វល់ពីការទប់ស្កាត់ ការពារព្រៃឈើ ក្នុងតួនាទីរបស់ខ្លួន បែរជាបណ្តែត បណ្តោយឲ្យមានការកាប់ព្រៃយ៉ាងរង្គាល់ គឺពុំអាចសុំការបំភ្លឺបានទេ ដោយខលចូលជាច្រើនដង តែពុំព្រមលើក តាមរយះលេខ ០១២៨៦៩៥៦៧ ជាលេខផ្ទាល់ខ្លួនលោក សៅ វណ្ណី ។
លោក ហូ គឹមឆេង នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានឲ្យដឹងថា ដីនៅចំនុច៥៥ ឃុំយក្យកៈតី នេះ គឺពាក់ព័ន្ឋចំនួន ២ស្រុក គឺស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ស្រុកទាំងពីបានបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងដីព្រៃ ដើម្បី ថែរក្សាដីព្រៃ ដែលជាព្រៃស្តារឡើងវិញ តែដោយឡែកមានដីមួយចំនួនស្ថិតនៅតំបន់ហ្នឹងដែរ លោក អេងសុភេន ជាអង្គការសមាគមន៍ អភិរក្សព្រៃឈើ សត្វព្រៃ ជលផល ឥឡូវបានក្លាយជាតំណាងប្រជាពលរដ្ឋអ្នករៀបចំ ដីសង្គមកិច្ច បានកំពុងតែរត់ការ សុំឈូសឆាយដីព្រៃសង្គមកិច្ច នៅតំបន់៥៥នេះ ។
តាមប្រភពពត៌មានច្បាស់ការមួយបានបញ្ជាក់ថា លោក អេងសុភេន ជាអង្គការសមាគមន៍ អភិរក្សព្រៃឈើ សត្វព្រៃ ជលផល បានតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ រៀបចំដីព្រៃសង្គមកិច្ចនេះ គឺជាឆាកល្ខោនបន្លំភ្នែកថ្នាក់ដឹកនាំដើម្បី លេបត្របាក់ដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធ ដោយមានការឃុបឃិតជាមួយនាយផ្នែកសណ្តាន់និង នាយរងខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ តាមពិតគឺជាល្បិចយកដីរបស់ពួកគេ។
ដូច្នេះមហាជនទូទៅ បានសំណូមពរឲ្យសម្តេច តេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយទប់ស្កាត់ ការរុករាន្ទដីព្រៃនៅចំនុច៥៥នេះ ស្ថិតក្នុងឃុំយក្យកៈតី ស្រុកប្រាសាទសំបូរ ដោយមានអ្នកអែបអាង លួចបន្លំជាតំណាងប្រជាពលរដ្ឋ សុំដីសង្គមកិច្ចដើម្បីយកដីមកធ្វើជាសម្បត្តិរបស់បក្សពួក ខ្លួន។ដោយ ប៊ុន រដ្ឋា



































