ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបង្កអោយអ្នកដំណើរចោមរោមមើល ដោយសារជម្លោះមួយរវាងប្រពន្ធដើមនិង ប្រពន្ធចុង ដណ្តើមប្តីគ្នា ចំណុចមុខផ្ទះសំណាក់អង្គរមាស កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០១៤ស្ថិតនៅក្នុងសង្កាត់
ផ្សារកណ្តាលពីរ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសម្នាក់ដែលគេដឹងថាមានប្រពន្ធចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BS-1249 ឌុបប្រពន្ធដើមចូលផ្ទះសំណាក់ អង្គរមាសដើម្បីសម្រាកពីព្រោះប្រពន្ធទើបតែមកពីខេត្ត។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលកំពុងនៅជាមួយប្រពន្ធដើមក្នុងផ្ទះសំណាក់ ស្រាប់តែប្រពន្ធចុងដឹង ក៏បានទូរស័ព្ទមកប្តី ពីរទៅបីដង តែប្តីមិនលើកខ្លាចមានបញ្ហា ឃើញដូច្នេះ ប្រពន្ធដើមក៏លើកនិយាយជំនួស ហើយប្រពន្ធដើមនិងប្រពន្ធចុងបាននិយាយទូរស័ព្ទឌឺដងដាក់គ្នាមួយសន្ទុះ ដោយប្រពន្ធដើមបាននិយាយទៅកាន់ប្រពន្ធចុងថា បើខ្លាំងមកជួបគ្នានៅផ្ទះសំណាក់មក ដោយប្រពន្ធចុងទ្រាំមិនបានក៏ជិះម៉ូតូឌុបទៅជួបប្រពន្ធដើមនៅផ្ទះសំណាក់ខាងលើនោះតែម្តង។
ខណៈពេលដែលមកដល់មុខផ្ទះសំណាក់អង្គរមាស ប្រពន្ធដើមនិងប្រពន្ធចុងជួបគ្នា ក៏បានផ្ទុះជាជម្លោះប្រតាយប្រតប់គ្នាបណ្ដាលអោយរងរបួសរៀងៗខ្លួន ពេលនោះប្តីក៏ជិះម៉ូតូចេញទៅបាត់ ហើយសមត្ថកិច្ច ក៏បានចេញមកអន្តរាគមន៍ផងដែរ ដោយនាំប្រពន្ធដើមនិងប្រពន្ធចុង ទៅកាន់សង្កាត់ផ្សារកណ្តាលទី២ ដើម្បីធ្វើការសម្រួលគ្នា។
នៅក្នុងការសម្រួលគ្នាប្រពន្ធដើមបានទូរស័ព្ទហៅប្តីឱ្យមកវិញ ចំណែកប្រពន្ធចុងវិញ គឺចង់បានម៉ូតូដែលប្តីជិះនោះមកវិញព្រោះម៉ូតូនោះជារបស់នាងអ្នកទិញ ណាមួយនាងព្រួយបារម្ភព្រោះម៉ូតូនេះនាងបង់រំលោះពីធនាគា ចំណែកប្តីវិញនាងថាទៅណាទៅៗ។បន្ទាប់ពីសម្រួលគ្នាហើយបុរសជាប្តីព្រមប្រគល់ម៉ូតូនេះទៅឱ្យប្រពន្ធចុងវិញហើយថាចាំដោះស្រាយគ្នាជាក្រោយទៀត ៕