ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងយប់ បន្ទាប់ពីគេបានហែករបងផ្ទះប្រជាពលរដ្ឋចូលលួចម៉ូតូ រួចយកទៅលាក់ទុកនៅឃ្លាំងស្រូវ១កន្លែង ដែលជាកន្លែងធ្វើការរបស់យុវជនខាងលើ។ហេតុការណ៏នេះ បានកើតឡើងនៅម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ គឺលួចម៉ូតូចេញពីផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលារប្អៀរ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ជនសង្ស័យរូបនេះមានឈ្មោះ អ៊ុំ សុដា អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ចំពោះមុខសមត្ថកិច្ចគេបានសារភាពថាគេពិតជាបានហែករបងផ្ទះចូលលូចម៉ូតូពិតប្រាកដមែន ដោយសារតែគេឃើញម៉ូតូនោះនៅនិងមុខផ្ទះ ហើយម្ចាស់រវល់នៅលើផ្ទះពេល ឃើញឧិកាសល្អ គេក៏ធ្វើសកម្មភាពលួចតែម្តងទៅ ដោយអូសម៉ុតូចេញមកក្រៅបានប្រមាណជាជាង១០០ម៉ែត្រទើបបញ្ឆេះជិះ ពេលជិះបាន៣០០ម៉ែត្រម៉ូតូបានរលត់ធាក់លែងឆេះ ក៏អូសបណ្តើររហូតដល់ឃ្លាំងស្រូវដែលជាកន្លែងគេធ្វើការ ដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំចាស់ ក្នុងឃុំស្វាយជ្រុំ ក៏បានទុកម៉ូតូនៅក្នុងឃ្លាំង ហើយគេក៏ដេកនៅទីនោះ១យប់ដែរ។សមត្ថកិច្ចបានអោយដឹងទៀតថា៖ម៉ូតូដែលចោរលួចនោះម៉ាកហុងដា គុបមូល ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ម្ចាស់ម៉ូតូមានឈ្មោះ ភា ។ ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវទើបមានការសង្ស័យ ទៅលើយុវជនខាងលើ ២០នាទី ក្រោយមកសមត្ថកិច្ចក៏បានទៅដល់កន្លែងលាក់ទុកម៉ូតូ និងបានចាប់ខ្លួនយុវជននោះនាំមកអធិការដ្ឋានស្រុករលារប្អៀរទាំងយប់។ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តនៅល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ចាត់ការបន្តតាមផ្លូវច្បាប់៕