ខេត្តព្រះវិហារ៖ប្រជាកសិករកំពុងប្រមូលផលល្ពៅគីង្គក់ឬល្ពៅគ្រើមហើយឈ្មួញកណ្តាលបាននាំគ្នាចុះទៅប្រមូលទិញដល់ចំការផ្ទាល់ដែលតំលៃហាងឆេងទីផ្សារឆ្នាំនេះល្អជាងឆ្នាំ២០១៤ព្រោះតំលៃចាប់តាំងពីដើមដៃប្រមូលផលនៅខែឧសភារហូតមកដល់ដើមខែកក្កដានេះនៅថេរដដែលគឺ១២០០រៀលក្នុង១គីទ្បូក្រាម។បើធៀបឆ្នាំ២០១៤គិតត្រឹមដើមខែកក្កដាដូចគ្នាល្ពៅគីង្គក់ធ្លាក់ថ្លៃរហូតដល់៥០០រៀលក្នុង១គីទ្បូក្រាម។តាមសេចក្ដីរាយការណ៍បានអោយដឹងថាទិន្នផលល្ពៅឆ្នាំនេះធ្លាក់ចុះខ្លាំងដោយសារជួបគ្រោះរាំងភ្លៀងចាប់តាំងពីដើមរដូវវស្សារហូតមក។រដូវវស្សាឆ្នាំនេះមិនមានអំណាយផលល្អនោះទេព្រោះភ្លៀងធ្លាក់ដោយកន្លែងធ្វើអោយដំណាំល្ពៅខ្លះល្អនិងខ្លះទៀតរងការខូចខាតក្រៀមស្វិតដើម។ប្រជាកសិករធ្វើស្រែចំការមួយចំនួននៅជាយក្រុងព្រះវិហារស្រុកគូលែននិងស្រុកសង្គមថ្មីកំពុងមានការព្រួយបារម្ភចំពោះការខាតបង់ដើមទន់គឺការចំណាយដើមទុនធ្វើចំការច្រើនជាងចំណូលថវិកាដែលទទួលបាន។លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានអោយដឹងថាដំណាំល្ពៅគីង្គក់១ហិកតាអាចទទួលផលបានចំនួន២០តោនដាំលើដីមានជីវជាតិល្អហើយឆ្នាំនេះកសិករដាំបានប្រមាណ២០០ហិកតា។ល្ពៅប្រភេទនេះប្រជាកសិករច្រើនដាំនៅជាយក្រុងព្រះវិហារដាំនៅឃុំស្រយង់ឃុំត្បែង១និងឃុំត្បែង២ស្រុកគូលែននិងនៅចំណុចដីក្រហមស្រុកសង្គមថ្មីជាប់ប្រទល់ឃុំត្បែង២។លោកប្រធានមន្ទីរបានបន្តថាឈ្មួញប្រមូលទិញល្ពៅគីង្គក់ពីខេត្តព្រះវិហារដឹកជញ្ចូនយកទៅលក់បន្តនៅច្រកព្រំខេត្តប៉ៃលិនជាប់ព្រំដែនថៃ។តាមដឹងល្ពៅទាំងនេះឈ្មួញថៃទិញចូលរោងចក្រផលិតជាទឹកស៊ីអ៊ីវ។ឮលោកប៉ាងយៀតអភិបាលស្រុកគូលែនបានអោយដឹងថាតំលៃល្ពៅគីង្គក់ឆ្នាំនេះមានតំលៃហាងឆេងល្អតាំងពីប្រមូលផលដើមដៃនៅខែឧសភារហូតមកដល់ពេលនេះប៉ុន្តែគួរអោយស្តាយដោយសារកសិករប្រមូលផលដំណាំល្ពៅបានតិចជាងធៀបឆ្នាំ២០១៤។ការប្រមូលផលបានតិចដោយសារដំណាំល្ពៅខ្វះខាតទឹកស្រោចស្រពគឺមានភ្លៀងធ្លាក់តិចតួចបណ្តាលមកពីអាកាសធាតុឆ្នាំនេះប្រែប្រួល។លោកអភិបាលស្រុក បញ្ជាក់ថាល្ពៅគីង្គក់មានទំងន់៤គីទ្បូក្រាមឈ្មួញហ៊ានទិញតំលៃ៤០០០រៀលក្នុង១គីទ្បូក្រាម។តាមសេចក្ដីរាយការណ៍ត្រួសៗពីអាជីវករផ្សារកំពង់ប្រណាកក្រុងព្រះវិហារបានអោយដឹងថាពេលនេះគាត់លក់ដូរទំនិញមិនសូវដាច់ទេដោយសារកសិករលក់ផលដំណាំអោយឈ្មួញមិនបានច្រើនដូចឆ្នាំមុនៗ។គួរបញ្ជាក់ថានៅពេលបច្ចុប្បន្ននេះចំណូលសេដ្ឋកិច្ចស្របច្បាប់ដែលល្អជាងគេគឺវិស័យកសិកម្មតែមួយគត់នៅខេត្តព្រះវិហារ។ វិស័យកសិកម្មកំពុងជួបបញ្ហាអាក្រក់ស្របពេលវិស័យអាទិភាពទេសចរណ៍នៅតំបន់ប្រាសាទព្រះវិហារដែលរាជរដ្ឋាភិបាលកម្ពុជាមិនទាន់ទាញយកប្រភពចំណូលថវិកាបាននៅទ្បើយក្នុងការលក់សំបុត្រទស្សនាអោយភ្ញៀវដូចនៅខេត្តសៀមរាបនោះតើជីវភាពប្រជាជនសរុបទាំងអស់ជាង២០ម៉ឺននាក់នៅទូទាំងខេត្តព្រះវិហារវានឹងទៅជាយ៉ាងណានៅពេលខាងមុខនេះ ? ៕