ខេត្តបន្ទាយមានជ័យ
កសិករនិងមន្ត្រីអាជ្ញាធរភូមិសង្កាត់បានធ្វើម្ចាស់ការដោយខ្លួនឯងឥតមានជំនួយអន្តរាគមន៍ពីជំនាញធនធានទឹកនោះទេ ក្នុងការបូមទឹកបង្ហូរបញ្ចូលស្រែរបស់ពួកគាត់ដែលរងផលប៉ះពាល់ពីដើមកូនរដូវប្រាំងខែកក្កដានេះ។លោកមេភូមិព្រះពន្លា លោកមេភូមិព្រៃឬស្សី និងសមាជិកក្រុមប្រឹក្សាសង្កាត់ព្រះពន្លា បានឲ្យដឹងនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៥នេះថាពួកខ្លួនជាតំណាងភូមិសង្កាត់និងពលរដ្ឋ ជាកសិករម្ចាស់ស្រែបាននាំគ្នាធ្វើម្ចាស់ការដោយខ្លួនឯងរកទឹកបញ្ចូលស្រែដោយឥតមានខាងមន្ត្រីជំនាញធនធានទឹកណាមកជួយធ្វើអន្តរាគមន៍ក្នុងការបូមទឹកបញ្ចូលដាក់ស្រែពួកគាត់ឡើយ។ ជាក់ស្តែងកសិករដែលស្រែរបស់ពួកគាត់រងការប៉ះពាល់ត្រៀ មនិងស្កកដល់ទៅ៤០០ហិចតានោះពួកគាត់បានរកមធ្យោបាយនាំទឹកសង្គ្រោះស្រូវស្រាលដើមរដូវវស្សា ឬស្រូវមិនប្រកាន់រដូវទំហំប្រមាណ ៤០០ ហិកតា នៅខាងកើតភូមិព្រះពន្លា និងភូមិព្រៃឬស្សី ក្នុងនោះកសិកររៃអង្គាសគ្នា បានជាង ៣ លានរៀល ដើម្បីជួលដឹកលូមូលនិងជួលអេស្កាវ៉ាទ័រ ឲ្យកាយខ្នងប្រឡាយនៅខាងកើតស្ពានតាផាន់ ភូមិព្រៃឬស្សី និងដាក់លូ ៦ កង់ គឺកាយឲ្យទាបជាងលូមានស្រាប់ របស់ប្រឡាយដែលខ្ពស់ជាងធារទឹក ហើយដាក់លូបង្ហូរទឹកនាំទៅស្រោចស្រពស្រូវស្រែដែលកំពុងក្រៀមស្វិតនោះ។លោកភីសួង សមាជិកក្រុមប្រឹក្សាសង្កាត់ព្រះពន្លានិយាយថាសាលាក្រុងសិរីសោភ័ណបានជួយលូមូល ៣ កង់និងសាលាខេត្តបន្ទាយមានជ័យជួយលូ៣កង់។ ឯសោហ៊ុយសម្រាប់គ្រឿងចក្រកាយប្រឡាយនិងដាក់លូកសិករបានរៃអង្គាសគ្នាបានជាង៣លានរៀលគឺត្រូវកាយប្រឡាយដីហុយ ដើម្បីនាំទឹកទៅដល់ស្រែ។ដំណាលគ្នានេះកសិករដទៃទៀត ដែលមានស្រែជាប់នឹងប្រឡាយតាផាន់ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីដែលបានធ្វើស្រូវស្រាលដើមរដូវវស្សាឬស្រូវមិនប្រកាន់រដូវដូចគ្នានឹងកសិករភូមិព្រះពន្លានិងភូមិព្រៃឬស្សី ក៏បាននឹងកំពុងសម្រុកបូមទឹកដាក់ស្រែយ៉ាងមមាញឹកផងដែរ៕