សៀមរាប៖ ប៉ូលីសនៃអធិការដ្ឋានស្រុកប្រាសាទបាគង បានបើកប្រតិបត្តិការចាប់ខ្លួន សកម្មជនម្នាក់និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ទៀត នៅឃុំកំពង់ភ្លុក នាតំបន់ទន្លេសាប ទាំងព្រឹកព្រលឹមថ្ងៃច័ន្ទទី៦ខែកក្កដា។អធិការនគរបាលស្រុកប្រាសាទបាគង គឺលោកមិន ចាន្ថា។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទទី៦ខែកក្កដា បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យនោះថាបុរសម្នាក់ឈ្មោះ ហុង ណាក់អាយុ៣៧ឆ្នាំនិងម្នាក់ទៀតឈ្មោះ ឈន គុជស៊ាក់ អាយុ៣២ឆ្នាំ ត្រូវកម្លាំងរបស់លោក ចាប់ខ្លួនកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក។
លោកអធិការនគរបាលស្រុកប្រាសាទបាគង ឱ្យដឹងថាគេមានភស្តុតាងមួយចំនួនដែលបញ្ជាក់ថាបុរសឈ្មោះហុង ណាក់ និងឈន គុជស៊ាក់ គឺមានជាប់ពាក់ព័ន្ធនិងការដឹកនាំក្រុមមនុស្សខ្លះនៅក្នុងតំបន់និងខ្លះទៀតពីតំបន់ផ្សេងទៅតវ៉ា ប្រឆាំងការបោះឆ្នោតជ្រើសរើសតំណាងសហគមន៍កាណូតនិងទូកអុំ ឃុំកំពង់ភ្លុក ហើយមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៧ខែមិថុនាកន្លងទៅ បណ្ដាលឱ្យប្រជាពលរដ្ឋទាំងសងខាងចំនួន៥នាក់រងរបួស។
លោកអធិការនគរបាល បញ្ជាក់ទៀតថាការចាប់ខ្លួនអ្នកឃុំកំពង់ភ្លុកទាំងពីរនាក់នេះ គឺធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការខេត្តសៀមរាប ។
((កាលណោះមានសមាសភាពចុងឃ្នាសក្រុមស៊ូជីងអីមកផង បានឱ្យឈ្មោះហុង ណាក់ហ្នឹងអង្គុយលក់សំបុត្រលក់អី ក្រោយមកគេយកអង្ករមកឱ្យឈ្មោះហុង ណាក់និងឈន គុជស៊ាក់ ដើរចែកក្រុមអ្នកដែលចូលរួមតវ៉ា))។
កាលពីថ្ងៃទី២ខែកក្កដាកន្លងទៅ ចៅក្រមស៊ើបសួរ របស់តុលាការខេត្តសៀមរាប លោកហ៊ុក ពៅ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនបុរសទាំងពីរនាក់ ទៅសាកសួរពីបទ(ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ)។
ប៉ូលីសឱ្យដឹងថាចាប់តាំងពីកើតមានអំពើហឹង្សានៅឃុំកំពង់ភ្លុក បណ្ដាលឱ្យមនុស្ស៥នាក់រងរបួស កាលពីថ្ងៃទី២៧ខែមិថុនាកន្លងទៅ គឺតុលាការខេត្តសៀមរាបបានចេញដីការឱ្យនាំខ្លួនមនុស្ស៥នាក់ ក្នុងនោះគឺអ្នកឃុំកំពង់ភ្លុកចំនួន២នាក់ និងអ្នកចុងឃ្នាស ក្រុងសៀមរាបចំនួន៣នាក់។ នៅក្នុងចំណោមមនុស្ស៣ នាក់នៅក្រុងសៀមរាប ដែលមានដីកានាំខ្លួនដែរ គឺប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ខេង សារៈខាន់ កាលពីថ្ងៃទី២ខែកក្កដាកន្លងទៅ ចំណែកមនុស្ស២នាក់ទៀត ដែលគេស្គាល់ថាជាមេក្លោងដ៏សំខាន់ ក្នុងការដឹកនាំមនុស្សឱ្យតវ៉ាជាច្រើនកន្លែងមិនទាន់ចាប់ខ្លួននៅឡើយ។
អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាបលោកសុខ គឹមសេងអះអាងថាបុរសឈ្មោះហុងណាក់ គឺជាសកម្មជនគណបក្សសង្គ្រោះជាតិនៅឃុំកំពង់ភ្លុក ឯម្នាក់ទៀតឈ្មោះឈន គុជស៊ាក់ ក៏ជាអ្នកគាំទ្រដែរ។ លោកសុខ គឹមសេង បានប្រតិកម្មនិងការចាប់ខ្លួនអ្នកទាំងពីរនេះ ហើយលោកចាត់ទុកថាគឺជាការសំអប់ខាងនយោបាយ។
ក្រុមអង្គការសិទ្ធិមនុស្សលីកាដូ(LICDHO)និងអាដហុក ប្រចាំខេត្តសៀមរាបបានចាប់ផ្ដើមចុះស៊ើបអង្កេតរឿងនេះ ក្រោយពីការចាប់ខ្លួន២ម៉ោង ដើម្បីរកហេតុផលឱ្យច្បាស់លាស់ថាតើការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនោះ វាពិតជាការរើសអើងខាងនយោបាយមែន ឬក៏ជាការប្រព្រឹត្តិខុសពាក់ព័ន្ធនិងរឿងព្រហ្មទណ្ឌ?។
នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនេះ ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុកប្រមាណជាង២០០នាក់ បានលើកគ្នាទៅឈរនៅមុខសណ្ឋាគារ របស់លោកអភិបាលខេត្ត និងសាលាខេត្តសៀមរាប ហើយស្រែកទាមទារ ឱ្យសមត្ថកិច្ចដោះលែងសកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងពីរនាក់នោះវិញពីព្រោះពួកគេយល់ថាអ្នកទាំងពីរមិនបានប្រព្រត្តិបទល្មើសព្រហ្មទណ្ឌដូចតុលាកាចោទប្រកាន់នោះឡើយ៕ ដោយឧត្តម