ខេត្តប៉ៃលិន៖ យុវជន២នាក់ បានជិៈម៉ូតូក្នុងស្ថានភាពស្រវឹងជោគជាំ រ៉េចង្កូតទៅបុកខឿនរង្វង់មូលវិមានឯករាជ្យ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់និងកន្លែងទាំងពីរនាក់ ត្រូវបានអ្នកឃើញហេតុការណ៏ហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ កាលពីវេលាម៉ោង២២និង៤៨នាទីយប់ថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០១៥ លើកំណាតផ្លួវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
យុវជនរងគ្រោះមានឈ្មោះ ហួត ហ៊ ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ និងជាអ្នកបើកបរម៉ូតូ រងរបួសបែកក្បាលផ្នែកខាងឆ្វេង និងរយះជើងឆ្វេងដៃឆ្វេង ស្មារឆ្វេងដែរ សន្លប់ មានទីលំនៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ,ចំណែកម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះ កើន ថានី ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករ រងរបួសក្បាលខាងឆ្វេងនិងរបួសជើងដៃ ស្មារខាងឆ្វេង រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ទាំងពីរនាក់ជិៈម៉ូតូម៉ាកសងសេរី០៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-1101 ក្នុងទិសដៅពីលិច ទៅកើត ។
ប្រភពពីសាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិៈម៉ូតូមួយគ្រឿងឌុបគ្នា លើកំណាតផ្លូវជាតិលេខ៥៧ ក្នុងស្ថានភាពស្រវឹងជោកជាំ លឿនដូចហោះ ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ជិតវិមានឯករាជ្យ ដោយសារល្បឿនលឿនជ្រុលពេក ក៏បត់មិនទាន់ ជ្រុលទៅបុកថ្មខឿនរង្វង់មូលវិមានឯករាជ្យពេញទំហឹង បណ្តាលឲ្យយុវជនទាំងពីរផ្លោង ឡើងទៅលើកាំជណ្តើរថ្មជាន់ទី៣ផ្នែកខាងលិច បោកក្បាលនិងថ្មរងរបួសធ្ងន់ធ្ងរ សន្លប់ទាំងពីរនាក់តែម្តង , ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ ។ ប្រភពបន្តថា៖ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានអ្នកឃើញហេតុការណ៏ហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មកដឹកទៅសង្គ្រោះភ្លាម់ៗ តែស្ថានភាពជំងឺយុវជនរងគ្រោះធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យ ក៍បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាតដំបងទាំងយប់ផងដែរ ៕