ខេត្តប៉ៃលិន៖ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈពេលចូលរួមផឹកស៊ីជាមួយបងប្អួនក្នុងភូមិ ហើយក៏បានទាស់សម្តីគ្នាបន្តិចបន្តួចជាម្ចាស់ផ្ទះ បង្កជាអំពើហិង្សា ដោយម្ចាស់ផ្ទះទាញកាំបិតផ្គាក់ កាប់ប្រហាបុរសខាងលើបណ្តាលឲ្យរងរបួសក្បាល និងដៃ ដេរអស់ជាង៣០ថ្នេរ ។ ហេតុការណ៏ទាស់សម្តីគ្នា បង្កហិង្សាខាងលើ បានកើតឡើងកាលពីវេលាម៉ោង ០៧ និង០០នាទីយប់ ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បុរសរងគ្រោះមានឈ្មោះ ញ៉ាន សុន ភេទប្រុស អាយុ៥២ឆ្នាំ ជាកសិករ គណបក្សប្រជាជនកម្ពុជា រងរបួសក្បាល និងដៃធ្វេង ដេរអស់ជាង៣០ថ្នេរ មានទីលំនៅភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកជនបង្កឈ្មោះ ផៃ កែវ ភេទប្រុស អាយុជាង៦០ឆ្នាំ ជាសមាជិកគណបក្សសង្គ្រោះជាតិ រត់គេចខ្លូនបាត់ស្រមោល រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា៖ មុនពេលកើតហេតុរូបគាត់មកពីចំការ បានសត្វតាហែនមួយ ក៏យកទៅធ្វើម្ហូបហូបក្លែមស្រាជុំគ្នា នៅផ្ទះជនសង្ស័យ ដែលមានប្រវែងប្រហែល១០០ម៉ែត្រ ពីផ្ទះគាត់ ជាមួយបងប្អូនក្នុងភូមិ ព្រោះធ្លាប់រាប់អានគ្នាជាយូរមកហើយ មិនដែលមានទំនាស់អ្វីឡើយ ដោយមានគ្នា៤ទៅ៥នាក់ ។ ប្រភពបន្តថា៖ ផឹកស៊ីមួយសន្ទុះ បងប្អូនដែលអង្គុយរួមជាមួយ បានងើបទៅផ្ទះរៀងខ្លូន នៅសល់គ្នា៣នាក់ ផឹកបន្ត ពេលកំពុងផឹក ស្រាប់តែរូបគាត់បាននិយាយរឿងធ្វើផ្លូវ ពាក់ព័ន្ធនិងគណបក្ស ដោយទុកផ្លូវបន្តិចឲ្យខាងជនសង្ស័យធ្វើបន្ត ព្រោះជនសង្ស័យជាសមាជិកគណបក្សសង្គ្រោះជាតិ ។ រូបគាត់និយាយថា៖ កុំបានសម្តីអត់អនុវត្តន៏ ហើយកុំបានសម្តីអួតតែរឿងផឹកស៊ីពេក ពេលនោះជនសង្ស័យខឹងក៏ចូលក្នុងផ្ទះ ទាញកាំបិតផ្កាក់មកកាប់លើរូបគាត់ជាច្រើនកាំបិត បណ្តាលឲ្យដេកដួលក្នុងធ្លុកឈាម ត្រូវបានកូនគាត់មកជួយទាន់ កុំអីជនសង្ស័យសម្លាប់ចោលទៅហើយ ។ ប្រភពបន្តថា៖ក្រោយពេលកើតហេតុជនបង្ករត់គេចខ្លូនបាត់ស្រមោល ,ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ចូនមកសង្ក្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ ។
សូមបញ្ជាក់ថា៖ ជនរងគ្រោះជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណែកជនបង្កជាសមាជិកគណបក្សសង្គ្រោះជាតិ ហើយជាមនុស្សពូកែអួតអាង ឆេវឆាវ ៕