ខេត្តស្ទឹងត្រែង៖ដើមឈើជាង២ពាន់ដើមត្រូវបានអាជ្ញាធរខេត្តក្រោមកិច្ចសហការរបស់ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងមានការចូលរួមពីមន្ត្រី រាជការគ្រប់ស្ថាប័នរដ្ឋ សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋរាប់រយនាក់ បាននាំគ្នាដាំកូនឈើរាប់រយដើម ដែលរក្សាទុកនៅសួនអាពាហ៍ពិពាហ៍ ដើម្បីអបអរសាទរបុណ្យរុក្ខទិវាពិភពលោក៩កក្កដា និងមួយចំនួនទៀត សម្រាប់ចែកជូន ដល់អង្គភាពរដ្ឋសាលារៀនទីអារ៉ាមនិងបងប្អូនប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសារ សំរាប់យកទៅដាំដុះដើម្បី ពង្រីកឱ្យមានធន់ធានព្រៃឈើ នៅខេត្តស្ទឹងត្រែង។
លោកឈៀង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានបញ្ចាក់ប្រាប់ថាៈក្នុងពិធីប្រារពទិវាដាំកូនឈើ៩កក្កដា នៅក្នុវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្តិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៥នេះថា ជាច្រើនឆ្នាំមកហើយ ខេត្តស្ទឹងត្រែងបានរៀបចំ ដាំកូនឈើ នៅតាមកន្លែងផ្សេងគ្នា ជាពិសេសនៅលើផ្ទៃដី កន្លែងណាដែលមានព្រៃឈើរេចរិល។
លោកនាយខណ្ឌបានបញ្ជាក់ទៀតថាឆ្នាំនេះខណ្ឌរដ្ឋបាលព្រៃឈើ ស្ទឹងត្រែងបានបណ្តុះកូនឈើបានជាងមួយម៉ឺនដើមក្រោមកិច្ចសហការ និងមានការគាំទ្រពីអាជ្ញាធរខេត្ត បានកំណត់យកទីតាំង វិទ្យាល័យព្រះរាជបូជនីយកិច្ចដើម្បីប្រារព្វពិធីដាំកូនឈើចំរុះ ប្រភេទ បេង នាងនួន គគីរ រំដួល លឿងរាជ ដែលមានបរិមាណកូនឈើ សារុបជាង២០០០ដើម ។ក្នុងនោះក៏មានកូនឈើមួយចំនួនទៀត ដូចជាគ្រញូង ធ្នង់ ឈើទាល និងកូនស្វាយសំរាប់ធ្វើការ ចែកចាយជានិមិត្តរូប ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងស្ថាប័នផ្សេងៗទៀតយកទៅធ្វើការដាំដុះផងដែរ។
លោកកុល សំអុលអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថាៈកត្តាខាងលើនេះ សូមបងប្អូនយើងទាំងអស់គ្នាចូលរួម យ៉ាងក្លៀវក្លានិងច្រើនកុះករ ក្នុងការដាំដើមឈើនាពេលនេះ គឺជាការបន្តនូវវប្បធមិ៍ប្រពៃណីដ៏ល្អ ដែលមានតាំងពីយូលង់ណាស់មកហើយ និងដើម្បីអភិវឌ្ឍន៍ថែរក្សា ការពារព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ និងចាត់ទុកជាកាតព្វកិច្ចដ៏សំខាន់បំផុតរបស់យើងទាំអស់គ្នា។
លោកអភិបាលខេត្តមានប្រសាសន៍ទៀតថាៈការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើ ជាគោលនយោបាយដ៏មានអាទិភាពមួយ សម្រាប់ទ្រទ្រង់ជីវភាព រស់នៅរបស់មនុស្ស សត្វ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សហគមន៍នៅតាមជនបទ ក៏ដូចជាការចូលរួមដោះស្រាយ បញ្ហាបំរែបំរួលអាកាសធាតុ និងឡើងកំដៅនៃភពផែនដីរបស់យើង ដែលបច្ចប្បន្នមានសភាពប្រែប្រួល ទៅតាមតំបន់និមួយៗ។
លោកបានមានប្រសាសន៍បន្ថែមទៀតថាៈ ព្រៃឈើជាការងារអទិភាព ក្នុងការគ្រប់គ្រងវិស័យព្រៃឈើដើម្បីចូលរួមលើកំពស់កំរិតជីភាព ប្រជាពលរដ្ឋនៅជនបទ និងថែរក្សាព្រៃឈើ និងជម្រុញការអនុវត្ត ព្រៃសហគមន៍ គ្រប់គ្រងធនធានព្រៃឈើ ប្រកបដោយនិរន្តរភាព និងតំម្រូវឲ្យមានការចូលរួម យ៉ាងពេញលេញពីអ្នកពាក់ព័ន្ធទាំងអស់ តាំងពីអាជ្ញាធរដែនដី កងកំលាំងប្រដាប់ប់អាវុធ និងសហគមន៍ ដើម្បីថែរក្សានូវធន់ធាន ព្រៃឈើរបស់យើង ដែលនៅសេសសល់ ឲ្យបានយូអង្វែង។ការដាំកូនឈើក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ចនាថ្ងៃនេះ គឺជាការបំផុសស្មារតីដល់ បងប្អូនប្រជាពលរដ្ឋអោយចូលរួមថែរក្សាព្រៃឈើ ដើម្បីការពារធន់ធានព្រៃឈើរបស់យើង ដែលនៅសេសសល់ ឲ្យបានយូអង្វែង សំរាប់កូនចៅ ជំនាន់ក្រោយៗទៀត៕