ខេត្តឧត្តរមានជ័យ៖ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ឯកឧត្តម ថោង ខុន តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែងជាមជ្ឈមណ្ឌលនយោបាយចុងក្រោយបង្អស់របស់អង្គការចាត់តាំងកម្ពុជាប្រជាធិបតេយ្យ ដែលស្ថិតនៅទិសឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដែលត្រូវថែរក្សាការពារ
និងអភិរក្សឡើងវិញ។ ដើម្បីឱ្យសាធារណៈជនជាតិ និងអន្តរជាតិ បានស្គាល់ និងដឹងអំពីនយោបាយរបស់មេដឹកនាំប្រល័យពូជសាសន៍។កិច្ចប្រជុំពិភាក្សានេះ រវាងក្រុមការងារអន្តរក្រសួង បានធ្វើរៀបចំឡើងនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅសណ្ឋាគារកាស៊ីណូលឹមហេង ជាប់មាត់ទ្វារអន្តរជាតិជាំសាង៉ាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមការងារពិភាក្សាក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន និងឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើននាក់ទៀត។ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ដែលមាន ១៤ចំណុច ហើយចែកចេញជា ២តំបន់ គឺតំបន់(ក) ដែលមាន៦ចំណុច ស្ថិតនៅលើខ្នងភ្នំដងរែក ដែលមាន កន្លែងដុតខ្មោចប៉ុលពត ទីតាំងកាត់ទោសប៉ុលពត
និងរោងយាម ២កន្លែងដូចជា ផ្ទះប៉ុលពត ផ្ទះខៀវ សំផន ស្ថិតនៅក្បាលទន្សោង និងឃ្លាំងដាក់សំភារៈរបស់តាម៉ុក ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ចំណែកតំបន់ទេសចរណ៍(ខ) មានចំនួន ៨ចំណុច ដែលជាភូមិសាស្រ្តខ្ពង់រាប និងជើងដងរែក ហើយក្រុមការងារបានកំណត់យក ទីតាំងដុតខ្មោច សុន សេន ទីតាំងផ្ទះការងារសំងាត់របស់ថ្នាក់ដឹកនាំ សារមន្ទីរផ្ទះតាម៉ុក បឹងអន្លង់វែង ហើយនឹងមន្ទីរពេទ្យ សាលារៀន និងស្ពានអូរជីករបស់តាម៉ុក ក្នុងស្រុកអន្លង់វែង។ ចំពោះតំបន់ទេសចរណ៍ចំនួន ២ចំណុចនេះ ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់អភិរក្សជាង ១០ឆ្នាំមកហើយ ដោយក្រុមការងារអន្តរក្រសួងកំណត់ផែនទីជាចំណុចយាមកាមនៃអនុក្រឹតរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តថា ក្រសួងទេសចរណ៍នឹងមានគម្រោងធ្វើផ្លូវ តភ្ជាប់ពីរមណីយដ្ឋានមួយទៅរមណីយដ្ឋានមួយទៀត សំរាប់ឱ្យភ្ញៀវទេសចរណ៍ធ្វើដំណើរបានងាយស្រួល។ ហើយបោះបង្គោលព័ទ្ធជុំវិញមណីយដ្ឋាន និងសសេរដាក់ឈ្មោះអត្តសញ្ញាណឱ្យបានច្បាស់លាស់ អំពីទីតាំងឈ្មោះប្រវត្តិសាស្រ្តនីមួយៗ។ នៅក្នុងនោះដែរ ផែនការជាបឋមរកទីតាំងធ្វើសារមន្ទីរ និងមជ្ឈមណ្ឌលព័យ៌មានទេសប្រវត្តិសាស្រ្ត សំរាប់បង្ហាញពីការរស់នៅរបស់មេដឹកនាំនៅជំនាន់នោះ និងបោះពុម្គសៀវភៅអំពីតំបន់ទេសចរណ៍នីមួយៗ រួមនឹងទាំងតំបន់ទេសចរណ៍បេតិកភ័ណ្ឌពិភពលោក និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដើម្បីផ្បព្វផ្សាយឱ្យអ្នកទេសចរណ៍។ក្នុងនោះដែរ ក្រុមការងារពិភាក្សា រកឃើញថា ផ្ទះតាម៉ុកនៅជាប់ ពឿយ តារួន កំពុងមានប្រជាពលរដ្ឋចូលលួចកាប់ព្រៃ ហើយនៅជុំវិញបរិវេណផ្ទះប៉ុលពត និងផ្ទះខៀវ សំផន មានប្រជាពលរដ្ឋមួយចំនួន បានចូលទៅដាំដំណាំ។ និងនៅជុំវិញបឹងតាម៉ុក ក៏មានប្រជាពលរដ្ឋ ចូលធ្វើស្រែរដូវប្រាំង តាមលក្ខណៈទឹកស្រក និងមានប្រជាពលរដ្ឋមួយចំនួនទៀតកំពុងធ្វើលំនៅដ្ឋាន ចូលទៅលើដីចំណីបឹង។ ចំពោះបញ្ហានេះក្រុមការងារនឹងដាក់ផែនការចុះអនុវត្តន៍ជាបន្តបន្ទាប់ និងស្វែងរកជំនួយថវិការសំរាប់ទ្រតទ្រង់អភិរក្ស។



































