កំពង់ស្ពឺ ៖ រថយន្តកុងតឺន័រចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ច រដ្ឋបាលព្រៃឈើចំរុះសហការគ្នាមាន ផ្នែក សង្កាត់ ខណ្ឌ និងអធិកាដ្ឋានខាងត្បូង បឹងទន្លេសាប ធ្វើការឃាត់បានជាបន្តបន្ទាប់គ្នា កាលពីវេលាម៉ោង២២នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ស្ថិតលើផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការសង្ស័យថា មានលួចដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់ ។ លោកយ៉ុន យុវរិទ្ធ នាយផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា សកម្មភាពឃាត់រថយន្តកុងតឺន័រទាំង៣គ្រឿងនេះ ដោយសារតែសមត្ថកិច្ចជំនាញមានការសង្ស័យថា មានដឹកឈើ ។
លោកបន្តថា ក្នុងការចុះបង្ក្រាបនោះមានការសហការគ្នារវៀង មេព្រៃផ្នែកកំពង់ស្ពឺ សង្កាត់សំរោងទង ខណ្ឌកណ្តាល និងអធិការដ្ឋានខាងត្បូងបឹងទន្លេសាប មានការបញ្ជារផ្ទាល់ដោយ លោកបណ្ឌិតឆេង គឹមស៊ុន ប្រតិភូររាជរដ្ឋាភិបាល ទទួលបន្ទុកប្រធាន រដ្ឋបាលព្រៃឈើ ។
លោកនាយផ្នែកបានបន្តថា រថយន្តកុងតឺន័រនោះ ទី១ម៉ាកFREIGHLINER ពណ៌ខៀវ ពាកើស្លាកលេខ ភ្នំពេញ 2B.8006 ទី២ម៉ាកVOLVO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 3C.3325 និងទី៣ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A.5674 ។ លោកបន្តថា ក្នុងចាប់រថយន្តកុងតឺន័រនោះឃាត់ខ្លួនបានអ្នកបើកបរ និងព្រូឡានបានចំនួន២នាក់ មានឈ្មោះចាន់ មុន្នី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្តពាំងខ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះហឿន ពុតធា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងប្រិយ ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកយ៉ុន យុវរិទ្ធនាយផ្នែក មេព្រៃកំពង់ស្ពឺ បានបញ្ជាក់ថា ការចាប់រថយន្តកុងតឺន័រមានការសង្ស័យដឹងឈើនោះ មានការបញ្ជារផ្ទាល់ ដោយលោកបណ្ឌិតឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាល ទួលបន្ទុកប្រធាន រដ្ឋបាលព្រៃឈើ ។ លោកបន្តថា មុខពេលឈានដល់ការបង្ក្រាបរថយន្តទាំង៣គ្រឿងគឺបើកចេញពីរោងសិប្បកម្មកែឆ្នៃឈើមួយកន្លែងក្នុងស្រុកអង្គឈ្នួល ហើយត្រូវបានសមត្ថកិច្ច រដ្ឋបាលព្រៃឈើដាក់ការសង្ស័យដឹកឈើកែឆ្នៃនាំចេញ តាមច្រកកំពង់ផែកំពង់សោមដោយគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ត្រឹមត្រូវ ។ បន្ទាប់ឃាត់បានសមត្ថកិច្ចបាននាំមករក្សាទុក នៅផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺ ដើម្បីរងចាំបង្កើតគណៈកម្មការចំរុះធ្វើការកាត់ស៊ៀលឆែកឆេទូរកុងតឺន័រទាំងនោះ ។
នៅរសៀលថ្ងៃទី២១ ខែមេសា ក្រោមការបញ្ជាផ្ទាល់ពីលោកទី មុនី្នន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ បានធ្វើការកាត់ស៊ៀលទូរកុងតឺន័រទាំង៣គ្រឿង ប្រទះឃើញមានឈើប្រណិតជ្រុងៗ ផ្ទុកពេញរថយន្តទាំងនោះតែម្តង ក៍ប៉ុន្តែមិនទាន់បានដឹងពីចំនួនពិតប្រាកដនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងតែរកវិធីទំលាក់ឈើចេញពីកុងតឺន័រ ។ មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា រថយន្តកុងតឺន័រទាំង៣គ្រឿងនោះ រហូតដល់ពេលនេះ មិនទាន់មានម្ចាស់ក្រុមហ៊ុនរថយន្តកុងតឺន័រ ឬថៅកែឈើណាម្នាក់ចេញមុខមកទទួលខុសត្រូវបញ្ហាដឹកឈើយ៉ាងច្រើនសន្ធឹកសន្ធាប់នោះឡើយ ។
ប្រភពបន្តថា កន្លងមកសកម្មភាពដឹកឈើបែបនេះ មិនដែលបង្ក្រាបបានឡើយ ហើយថៅកែឈើប្រហែលជាមានខ្នងបង្អែកក្រាស់ណាស់ជួយការពារ មិនតែប៉ុណ្ណោះមិនពួកឈ្មួញទំនងជាលួចដឹកជញ្ជូនឈើដូច្នេះជាច្រើនលើកច្រើនសារមកហើយដែរ ។ បន្ទាប់ពីធ្វើការកាត់ស្វៀលរួចរាល់ សមត្ថកិច្ចបានជួយកំលាំងកម្មក មកទំលាក់ពីលើរថយន្ត ដើម្បីធ្វើការវាស់វែងចំនួនពិតប្រាកដ នៅផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ៕