ខេត្តសៀមរាប៖ផ្អែកតាមការចុះស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តបានសហការជាមួយនាយកដ្ឋានក្រសួងមហាផ្ទៃ និងដោយយោងតាមបណ្តឹងរបស់ម្ចាស់ដើមបានរកឃើញថា សិប្បកម្មទឹកស៊ីវអ៊ីវ យីហោម៉ាក ម៉ាស៊ីពិសេស មកពីខេត្តបន្ទាយមានជ័យនោះត្រូវបានសហគ្រាសផលិតគ្រឿងបរិភោគ សញ្ញដំរីមាស យកមកលក់ដោយគ្មានការអនុញ្ញាតិ ដែលជាករណីរំលោភលើកម្មសិទ្ធបញ្ញា។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់ នៅថ្ងៃទី០៨ខែកក្កដានេះថា ក្នុងការចុះស្រាវជ្រាវតាមទីផ្សារចំនួន៧កន្លែងក្នុងក្រុងសៀមរាបនេះមាន៖ផ្សារលើធំថ្មី,ផ្សារសាមគ្គីហ៊ុយគាំង,ផ្សារប្រិមប្រីយ,ផ្សារញ៉ែរ,ផ្សារក្រឡាញ់,ផ្សារក្រោមថ្មី,ផ្សារក្រោមចាស់ ដែលសមត្ថកិច្ចបានចុះឆែកឆេរកាលពីថ្ងៃទី០៣ខែកក្កដាឆ្នាំ ២០១៥នៅក្នុងផ្ទះលេខ០៣០៣ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កន្លងទៅថ្មីនេះ។លោកបន្តថា ចំពោះអ្នកលក់ទឹកស៊ីវអ៊ីវតាមទីផ្សារដែលមសត្ថកិច្ចចុះទៅឃើញស្លាកសញ្ញាដំរីមាស(មាន់ផ្ងារជើង)នោះបានអះអាងប្រាប់សមត្ថកិច្ចថា ពួគគាត់បានទិញទឹកស៊ីវអ៊ីវទាំងអស់នេះមកពីឈ្មោះ ចែលីន ដែលមានប្តីឈ្មោះ លឿម ពៅ ។ដោយយោងតាមពាក្យបណ្តឹងរបស់ម្ចាស់សិប្បកម្មទឹកស៊ីវអ៊ីវ យីហោម៉ាក ម៉ាស៊ីពិសេស ឈ្មោះ សុខ លាង ភេទប្រុសអាយុ៤៧ឆ្នាំរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំពិល ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានទាមទាជម្ងឺចិត្តចំនួន១០ម៉ឺនដុល្លាពីឈ្មោះ លឿម ពៅ ភេទប្រុសអាយុ៤៥ឆ្នាំ ដែលមានទីតាំងសហគ្រាសផលិតគ្រឿងបរិភោគ សញ្ញាដំរីមាស រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលចោទ(ពីបទក្លែងបន្លំម៉ាកកម្មសិទ្ធបញ្ញា)បានប្តឹងចូលទៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។លោកបន្ថែមទៀតថា ក្រោយពីធ្វើការឆែកឆេរតាមពាក្យបណ្តឹងរួចមក ចំពោះស្លាកសញ្ញានៃសម្រកវេចខ្ចប់ទឹកស៊ីវអ៊ីវសញ្ញារូបដំរីមាសនិងការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានលោក លឿម ពៅ ដែលជាម្ចាស់សហគ្រាសខាងលើ អះអាងថា ពុំធ្លាប់បានផលិតនៅអ្វីដូចការសន្និដ្ឋានរបស់ឈ្មោះ សុខ លាងនោះទេ ក្នុងនោះដែរសមត្ថកិច្ចក៏បានចូលឆែកឆេរតែរកពុំឃើញនៅក្នុងសិប្បកម្មសហគ្រាសខាងលើ មិនដូចពាក្យបណ្តឹងរបស់ឈ្មោះ សុខ លាង នោះទេ។លោកបន្ថែមទៀតថា ដោយសារក្នុងការឆែកឆេរទីតាំងខាងលើរកមិនឃើញនោះ ព្រោះឈ្មោះ លឿម ពៅបានទៅឈ្លោះគ្នាជាមួយគូរភាគីដែលជាបងប្អូននោះនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃរួចម្តងទៅហើយ ប៉ុន្តែកម្លាំងជំនាញមិនអស់ចិត្ត ទើបធ្វើការសហការជាមួយនាយកដ្ឋានក្រសួងមហាផ្ទៃម្តងទៀត ដើម្បីចុះស្រាវជ្រាវតាមទីផ្សារនៅក្នុងក្រុងសៀមរាប រហូតរកឃើញភស្តុតាងដែលមានរូបសញ្ញាទឹកស៊ីវអ៊ីវដំរីមាស(នៅពីក្រោមរូបមាន់ផ្ងារជើងឡើងលើ)បានដូចតាមពាក្យបណ្តឹងរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នម្ចាស់ទីតាំងខាងលើត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ ដោយ ខេង ឧត្តម