ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយឯក ដូង សារឿន អនុប្រធានណាយកដ្ឋានបុគ្គលឹកអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ប្រធានតុលាការខេត្ត លោកព្រះរាជអាជ្ញា និងនាយនគរបាលមកពីស្រុក ក្រុង និងខេត្តចំនួន១៩៦នាក់។ 
លោកឧត្តមសេនីយត្រី ប្រាក់ វុឌ្ឍី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖បទល្មើសព្រហ្មទណ្ឌ័នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០១៥នេះ កើតមាន៣៧លើកកើនជាងឆ្នាំមុន៤លើក បណ្តាលអោយមនុស្ស៥នាក់បានស្លាប់ និងរបួស២៤នាក់ ក្នុងនោះ៣៥ករណីត្រូវបានបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន៣៥នាក់ និងបានបញ្ជូនទៅតុលាការខេត្តចំនួន២៤នាក់។ដោយឡែកបទល្មើសគ្រឿងញៀនបង្ក្រាបបាន៤៧ករណី ឃាត់ខ្លួនមនុស្ស១០៧នាក់ ស្រី១៤នាក់ ក្នុងនោះមានបទល្មើសជួញដូរ និងចែកចាយគ្រឿងញៀន៣៣ករណី ឃាត់ខ្លួន៧៤នាក់
ស្រី៩នាក់ និងបទល្មើសប្រើប្រាស់គ្រឿងញៀនបាន១៤ករណី ឃាត់ខ្លួន៣៣នាក់មានស្រី៥នាក់ និងចាប់ខ្លួនតាមដីកាតុលាការចំនួន៧នាក់ពីបទជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន។លោកបានបញ្ជាក់ថា៖ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តបានប្រកាសផ្ទេរភារកិច្ច មន្ត្រីនគរបាលចំនួន៦រូប និងបំពាក់ឋានន្តរសក្តិនាយនគរបាលចំនួន១៩រូប ក្នុងនោះមានថ្នាក់វរៈសេនីយត្រីចំនួន១៣រូប និងវរៈសេនីយទោចំនួន៦រូប។
ឯកឧត្តម ចេង ញាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានលើកឡើងនៅក្នុងពិធីនេះថា៖នៅក្នុងរយៈ ពេល៧ខែឆ្នាំ២០១៥នេះ បទល្មើព្រហ្មទណ្ឌ័មានការកើតឡើងពិតមែន ប៉ុន្តែការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងខេត្ត សមត្ថកិច្ចមានស្នាដៃបង្ក្រាបបានជាច្រើនករណីគួរជាទីមោទនៈ។ដើម្បីសម្រេចបានដោយជោគជ័យ ក្នុងកិច្ចបង្ក្រាបបទល្មើសគ្រប់ប្រភេទ សមត្ថកិច្ចនគរបាលគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នាអោយបានរឹងមាំពិសេសជាមួយនគរបាលមូលដ្ឋាននិងប្រជាការពារដែលមិនអាចខ្វះបាន គោលដៅសំខាន់គឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព គ្រប់គ្រងមុខសញ្ញាអោយបាន ទើបការបង្ក្រាបមានប្រសិទ្ធិភាព។
មានប្រសាសន៍ផ្តាំផ្ញើនៅក្នុងពិធីនេះ លោកឧត្តមសេនីយឯក ដូង សារឿន អនុប្រធានណាយកដ្ឋានបុគ្គលឹកអគ្គស្នងការនគរបាលជាតិ ជាគណៈអធិបតីបានលើកឡើងថា៖ ដើម្បីពង្រឹងសមត្ថភាពក្នុងកិច្ចការបង្ក្រាបបទល្មើសគ្រប់ប្រភេទ « សមត្ថកិច្ចនគរបាលត្រូវតែគ្រប់គ្រងមុខសញ្ញាជនល្មើសនៅក្នុងមូលដ្ឋានអោយ បានទើបអាចទប់ស្កាត់ បង្ក្រាបសកម្មភាពបទល្មើសបានទាន់ពេលវេលា »។ ទន្ទឹមនេះដែរ ត្រូវយកចិត្តទុកដា ក់ពង្រឹងសហការ និងលើកទឹកចិត្តចំពោះប្រជាការពារ ដែលជាកម្លាំងបង្អែករបស់សមត្ថកិច្ចយើង ព្រោះថាសមត្ថកិច្ចយើងនៅតាមមូលដ្ឋានឃុំ ពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខបានជាទូ ទៅនៅក្នុងមូលដ្ឋានបានទាំងអស់នោះឡើយ។
លោកឧត្តមសេនីយឯក បានបញ្ជាក់ទៀតថា៖ការងារសំខាន់ៗនិងចាំបាច់មួយចំនួនទៀតនោះរបស់
សមត្ថកិច្ចគឺ កសាងផែនការបង្ក្រាបបទល្មើសអោយបានទាន់ពេលវេលា ដោយប្រើប្រាស់កម្លាំងសរុប នៅ
ក្នុងមូលដ្ឋាន និងនៅក្នុង ស្រុក ក្រុង និងខេត្ត។អនុវត្តដីកាចាប់ខ្លួនជនល្មើស របស់តុលាការអោយបានទាន់ពេលវេលាដើម្បីកុំអោយមុខសញ្ញាជនល្មើលបន្តប្រព្រឹត្តបទល្មើសថែមទៀត។ ត្រូវរៀបចុះក្រុមការងារចំរុះចុះជួយសមត្ថកិច្ចនៅតាមមូលដ្ឋាន ដោយមន្ត្រីនគរបាលមិនត្រូវដាក់ខែយកលុយពីបទល្មើស ដែលជាហេតុបង្កអោយមានបទល្មើសកាន់តែច្រើនឡើង ហើយការងារអ្វីដែលធ្វើមិនទាន់សំរេចត្រូវចេះរាយការណ៍សុំយោបល់និងបញ្ជារពីថ្នាក់លើ៕



































