ភ្នំពេញ: លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទកាសែត នាព្រឹកម៉ោង ៩ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅទីស្នាក់ការកណ្តាល របស់គណបក្សសង្គ្រោះជាតិ នៅចាក់អង្រែ តាមផ្លូវជាតិលេខ២ ដើម្បីលើកឡើងពីហេតុការណ៍ នៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២១មេសា។
កាលពីព្រឹកថ្ងៃទី២១មេសាលោកស្រី មូរ សុខហួរ បានព្យាយាមជាថ្មី ដើម្បីចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីអ្វីដែលលោកស្រី អះអាងថា ជាការសម្តែងមតិ។ ប៉ុន្មានថ្ងៃជាបន្តបន្ទាប់កន្លងមក លោកស្រី មូរ សុខហួរ និងក្រុមអ្នកគាំទ្រលោកស្រី ត្រូវបានកម្លាំងសមត្ថកិច្ច និងកងរក្សាសន្តិសុខខណ្ឌដូនពេញរារាំង ហើយនៅព្រឹកថ្ងៃទី២១ ខែមេសា អ្នកស្រីបានត្រូវចាប់សែងចេញមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យនោះទេ។
ហេតុការណ៍ នៅទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២១មេសា ត្រូវបានសកម្មជនសិទ្ធិមនុស្ស លោក អំ សំអាត បានអះអាងថា មានមនុស្ស ១០ នាក់ បានរងរបួស ក្នុងនោះមានយុវជនគណបក្សសង្គ្រោះជាតិ រួមទាំងអ្នកសារព័ត៌មានម្នាក់ផងដែរ។ ប៉ុន្តែលោកស្រី មូរ សុខហួរ មិនមានរបួសអ្វីនោះទេ។ យ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានហៅទង្វើរបស់លោកស្រី មូរ សុខហួរ ថាជាអ្នកទទួលខុសត្រូវ នូវអ្វីដែលលោកស្រី បានអុជអាលឱ្យកើតមានអំពើហិង្សានោះ៕