ខេត្ដបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលដោយប្រទះឃើញក្មេងស្រីម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៍នៅស្រះទឹកក្រោយផ្ទះពេលដែលម្ដាយដេកលក់មួយភាំងក្រោយហូបបាយថ្ងៃត្រង់រួច។ហេតុការណ៍ក្មេងលង់ទឹកនេះនៅលោម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៧ខែ
កក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិប៉ោយចារ ឃុំទឹកជោរ ស្រុកព្រះនេត្រ ខេត្ដបន្ទាយមានជ័យ ។លោកអធិការស្រុកព្រះនេព្រះបាននិយាយថាកុមារីរងគ្រោះមានឈ្មោះ អឿត លីតា អាយុ១ខួប៦ខែ ម្តាយមានឈ្មោះទីទុំអាយុ២៥ឆ្នាំ ឪពុកឈ្មោះ អឿត អាត អាយុ២៧ឆ្នាំគាត់បានទៅធ្វើការងារនៅឯប្រទេសថៃគ្រួសារនេះរស់នៅភូមិកើតហេតុខាងលើ។លោកអធិការបានឱ្យដឹងទៀតថានៅមុនពេលកើតហេតុម្តាយកុមារីរងគ្រោះគាត់បានដេកលេងនៅក្រោមផ្ទះរូបគាត់បានចាក់ចម្រៀងឱ្យកូនស្រីស្តាប់និងរាំលេងទៀតផងពេលនោះរូបគាត់ក៏បានដេកលក់មួយភាំងនៅពេលដឹងខ្លួនឡើងស្រាប់តែបាត់កូនមិនដឹងទៅណារួចក៏ឃើញមានប្រជាពលរដ្ឋកំពុងចោមរោមមើលកូនស្រីលង់ទឹកស្រះក្បែរផ្ទះស្លាប់មិនដឹងតាំងពីពេលណាមកម្លេះ ។លោកអធិការបានឱ្យដឹងបន្តទៀតថាក្រោយពេលចុះពិនិត្យសពកុមារីរងគ្រោះពិតស្លាប់ដោយសារលង់ទឹកប្រាកដមែនព្រោះនៅលើខ្លួនកុមារីរងគ្រោះពុំមានស្លាកស្នាមណាមួយត្រូវគេធ្វើទារុណកម្មអ្វីឡើយ ។ក្រោយសមត្ថកិច្ចជំនាញពិនិត្យសពកុមារីរងគ្រោះរួចហើយបានប្រគល់ឱ្យម្ដាយចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕



































