កំពង់ឆ្នាំង៖រថយន្តដឹកអុសអត់ច្បាប់មួយគ្រឿង របស់មេឈ្មួញឈើដែលល្បីម្នាក់នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្ទាក់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យខាងមុខសាលាបឋមសិក្សាគំរូក្រុង កណ្តាលក្រុងកំពង់ឆ្នាំង នៅវេលាម៉ោងជាង១និង១៥យប់កណ្តាលអធ្រាតឈានថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ។
លោក និល មករា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រុកបរិបូរណ៌ និង កំពង់លែង បានអោយដឹងថា៖នៅវេលាម៉ោងជាង១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋបានរាយការណ៏ ទៅអ្នកសារព័តមានដោយបានបញ្ជាក់ថា មានរថយន្តដឹកអុសធុនធំចំនួន២គ្រឿង ចេញពីតំបន់ក្តុរបើកកាត់ទីក្រុងកំពង់ឆ្នាំង ឆ្ពោះចូលទៅលក់អោយតាមបណ្តាលរោងចក្រនិងសិប្បកម្មឡឥដ្ឋ ក្នុងខេត្តនិងក្នុងក្រុងភ្នំពេញ ហើយអ្នកសារព័តមានទាំងអស់នោះក៍បានផ្តល់ដំណឹងនេះបន្តមកប្រាប់លោក។ ភ្លាមៗនោះរូបលោកក៍ចេញស្ទាក់ចាប់បានរថយន្តរបស់មេឈ្មួញល្បីឈ្មោះខាងបទល្មើសដែលអាងខ្នងអ្នកធំបានតែម្តង។

នៅពេលឃាត់រថយន្តដឹកអុសអត់ច្បាប់នេះបានភ្លាមនោះ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ដោយបានបន្សល់ទុករថយន្តនិងកម្មកកម្មករ២នាក់នៅកន្លែងកើតហេតុ។រថយន្តបទល្មើសត្រូវបានយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងទាំងយប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។
ប្រជាពលរដ្ឋបានអោយដឹងថាជារៀងរាល់ថ្ងៃរថយន្តដឹកអូសរបស់មេឈ្មួញខាងលើនេះ បានធ្វើការដឹកអុសរាប់រយម៉ែត្រគូប ចេញចូលយ៉ាងអាណាធិបតេយ្យ មិនដែលឃើញសមត្ថកិច្ចចម្រុះដែលបានដាក់ប៉ុស្តិប្រចាំការនៅគល់ស្ពានដែក ក្នុងតំបន់ខាងលើនោះបង្ក្រាបឡើយ៕





































