បន្ទាយមានជ័យ: គយបានអនុញ្ញាតអោយក្រុមហ៊ុនឌីនឌីណាក្រុប អិលធីឌី (DDNG) ប្រមូលទិញឧស្ម័នហ្គាស ចំអិនអាហារ (LPG) ក្នុងរូបភាពថ្មី ចំឡែកពីមុនគឺត្រូវផ្ទេរពីធុងតូចៗដែល មានហានីភ័យខ្ពស់ ពីច្រកព្រំដែន កម្ពុជា-ថៃ ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដាក់ប្រមូលផ្ដុំផ្ទុកក្នុងស៊ីទែនហ្គាស ដោយបង់ពន្ធចូលរដ្ឋ រួចដឹកមក ចែកចាយក្នុងខេត្ត-រាជធានី ក្នុងប្រទេស ។
លោក អឿ-រ៉ាស៊ី តំណាងក្រុមហ៊ុន DDNG បានប្រាប់ថ្ងៃទី២១ មេសាថា: ក្រុមហ៊ុនបានដំណើរការប្រមាណ ១ខែមកនេះ ដោយមានទីតាំងស្តុងនៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ៥៩ ព្រំដែនកម្ពុជា-ថៃ ។
ក្រុមហ៊ុនទទួលបានសិទ្ធិធ្វើ អាជីវកម្មដូច្នេះ ពី នាយកដ្ឋាន រដ្ឋាករនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជាថ្មី ក្នុងលិខិតខ្លួន លេខ ០១ ឌឌណគ/១៤ ចុះថ្ងៃទី ១០ មីនា ២០១៤ ចុះហត្ថលេខាដោយប្រធានក្រុមហ៊ុនគឺ ឆែ-វណ្ណឌី និងចំណាឯកភាពពីបណ្ឌិត បុណាវី ប្រធាននាយកដ្ឋាន រដ្ឋាករ ហើយយោងចំណាឯកភាពមុននេះពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករ កម្ពុជា ។
គឺប្រមូលទិញឧស្ម័នហ្គាសចំអិនអាហារ (LPG) ធុងទម្ងន់ពី ១៥-៤៨ គីឡូក្រាម មកបញ្ចូលស៊ីឡែន ដោយបង់ពន្ធនិងអារកស្របច្បាប់ ។ សុំម្ដងត្រូវកាត់ពន្ធនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រមាណ ២០០ តោនឬ ១៦៧ធុង ពីព្រំដែន នៅខេត្តបន្ទាយមានជ័យ ស្តុងនៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដឹកមកចែកចាយក្នុងប្រទេស ។
ឧស្ម័នប្រមូលមកនេះ ពុំជាប់ពាក់ព័ន្ធ នឹងការឃាត់ចាប់ឬធ្វើកំណត់ហេតុពីសមត្ថកិច្ច ណា១ឡើយ ។ មានការបិទត្រាពន្ធគយនិងស្រោមគម្របដប ឧស្ម័នលើសំបកដបស្លាកសញ្ញារបស់ក្រុមហ៊ុន ត្រឹមត្រូវផងដែរ ។ នេះជារូបភាពថ្មីប្លែកពីអនុញ្ញាតមុនៗដែលអោយប្រមូលទិញឧស្ម័នហ្គាស តាមព្រំដែនពីនាំចូលអត់ច្បាប់ មកបង់ពន្ធស្របច្រាប់ ដោយប្រើសំបកធុងតូចៗ ដឹកជញ្ជូនបន្ត ឬ ផ្ទេរចូលធុងតូចៗ ដូចគ្នា រួចដឹកជញ្ជូនបន្ត ។
ប៉ុន្តែ ករណី១នេះ បានអនុញ្ញាតអោយផ្ទេរឧស្ម័នហ្គាសពីធុងតូច មកចូលស៊ីទែន ទៅវិញ ដែលមន្ត្រីគយពន្យល់ថា គ្មានហានីយភ័យខ្ពស់ក្នុងការដឹកជញ្ជូន ។ ហើយនៅខេត្តបន្ទាយមានជ័យ គយក៏មានអនុញ្ញាតអោយក្រុមហ៊ុនដទៃទៀតប្រមូលទិញ ហ្គាសដាក់ធុង តាមព្រំដែន មកបង់ពន្ធដែរ ព្រោះហ្គាសនៅថៃ តម្លៃថោក តែមិនអោយនាំចូលតាមច្រកត្រង់ទេ ។
ទោះយ៉ាងណាលោក អឿ រ៉ាស៊ី ត្អូញត្អែរិះគន់ថា: ពេលក្រុមហ៊ុនទទួលបានច្បាប់អនុញ្ញាត ប្រមូលទិញហ្គាសស្របច្បាប់ បង់ពន្ធគយ និង បង់លើប្រាក់ចំណេញ ត្រឹមត្រូវអស់ហើយ នៅតែមានសមត្ថកិច្ច ខ្លះ ប្រើសិទ្ធិ អំណាចរំខាន គាបសង្កត់ដំណើរ អាជីវកម្ម ស្របច្បាប់នេះ នៅពេលក្រុមហ៊ុនប្រមូលទិញ ។
ហេតុនេះ សុំថ្នាក់លើគយនិងផ្នែកពាក់ព័ន្ធ ជួយអន្តរាគមន៍ផង ។ លោក ហែម ម៉ានិត អនុប្រធានគយនិងរដ្ឋាករ សាខា ខេត្តបន្ទាយមានជ័យ បានប្រាប់ថ្ងៃទី២១ មេសាថា: ករណីក្រុមហ៊ុន DDNG ប្រមូលទិញហ្គាសធុងតូចបញ្ចូលស៊ីទែនចែកចាយក្នុងប្រទេសនេះ គឺ ទទួលអនុញ្ញាតពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ឯសាខា ពុំបានដឹងទេ ៕