កំពង់ធំ៖ ពីធីចាក់លែងកូនត្រីពូជចំរុះចំនួន៤ម៉ឺនក្បាលនិងត្រីស្រែទម្ងន់៥០គីឡូក្រាម បាន ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅបឹងធា ជាបឹងធម្មជាតិមួយស្ថិតនៅ ភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមគណធិបតី ឯកឧត្ដម សោម សុផាត អភិបាល រង ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋ សិស្សានុសិស្សនិងមន្ត្រីរាជការ ចូលរួមចំនួនប្រមាណ៩០០ នាក់។
កម្មវិធីនេះ បានរៀបចំឡើងដោយរដ្ឋបាលជលផលខណ្ឌកំពង់ធំនិងមានការឧបត្ថម្ភពីអង្គការ ក្រៅរាជរដ្ឋាភិបាល ជាដៃគូរ។
នៅក្នុងពីធីនេះ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានអានរបាយ ការណ៍ដែលខ្លឹមសារថា បឹងធានេះមានលក្ខណធម្មជាតិ ហើយមានទឹកមិនរីង ទោះជានៅរដូវប្រាំង ហើយនេះ ជាលើកទី២ ដែលបានចាក់លែងកូនត្រីនៅបឹងធានេះ។ គឺលើកទី១ នៅឆ្នាំ២០១១ ខាង សហគមនេសាទ បានចាក់លែងកូនត្រីទម្ងន់៣០គីឡូក្រាម ហើយដើម្បីឲ្យបឹងនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍ បម្រើសេចក្ដីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ នៅថ្ងៃ នេះ គឺនឹងចាក់លែងកូនត្រីមេពូជ៤ម៉ឹនក្បាល ក្នុងនោះមានត្រីប្រលូង ត្រីឆ្ពិននិងប្រភេទត្រីស្រែទម្ងន់
៥០គីឡូក្រាម មានត្រីក្រាញ់ ផ្ទក់ អណ្ដែងនិងអន្ទង់។
លោក ប៉ែន វណ្ណេរិទ្ធ បានបន្តថា រយ:ពេល៦ខែដើមឆ្នាំ២០១៥នេះ រដ្ឋបាលជលផលកំពង់ធំ អនុវត្តសម្រេចការងារ ជាច្រើនដូចជា អភិវឌ្ឍវារីវប្បកម្ម អភិវឌ្ឍសហគមន៍នេសាទ ការបង្កើតស្រះ ជម្រកត្រីសហគមន៍និងការអភិរក្សធនធានជលផល។
ឯកឧត្ដម សោម សុផាត អភិបាលរងខេត្ត បានមានមតិសំណេះសំណាលនិងផ្ដាំផ្ងើថា សូម ឲ្យប្រជាពលរដ្ឋ សូមជួយថែរក្សាព្រៃលិច ដែលជាជម្រកត្រីពងកូន របស់មច្ឆជាតិ និងបញ្ឈប់សម្ម ភាពបទល្មើសនេសាទផ្សេងៗដូចជា បូមពង្រីង ឆក់ និងដាក់របាំងស្បៃមុងជាដើម ហើយសូមឲ្យ សហគមន៍នេសាទ សមត្ថកិច្ចអាជ្ញាធរនិងប្រដាប់អាវុធ ជួយចូលរួមទប់ស្កាត់រាល់បទល្មើសនេសាទ និងសុំឲ្យសមត្ថកិច្ចរដ្ឋបាល ជលផល បន្តការផ្សព្វផ្សាយច្បាប់ជលផល ដល់ប្រជាពលរដ្ឋនិង នៅ មទីសាធារណនិងតាទីប្រជុំជននានា។
ឯកឧត្ដម សោម សុផាត បានមានប្រសាសន៍បន្តថា ដោយគិតពីប្រយោជន៍ប្រជាពលរដ្ឋ សម្ដេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានកាត់រំសាយឡូតិ៍នេសាទ ទាំង៣៥ ទុកឲ្យប្រជាពលរដ្ឋមាន លទ្ធភាពនេសាទជាលក្ខណគ្រួសារ ប៉ុន្តែសូមឲ្យប្រជាលរដ្ឋនេសាទដោយប្រើឧបករណ៍ស្របច្បាប់ និងហាមចូលនេសាទក្នុងតំបន់អភិរក្ស។
ឯកឧត្ដមផ្ដាំផ្ញើថា យើងរួមគ្នាអភិរក្សនិងការពារប្រភពធនធានជលផល ព្រោះវាជា តម្រូវការ របស់យើងទាំងអស់គ្នា ហើយក៏ជាកេរ្ដិ៍តំណែល តំណទៅកូនចៅយើងស្រកក្រោយ៕