កំពង់ធំ = រថយន្ដដឹកទំនិញសំពែងសំពោង កំពុងបន្ដសកម្មភាពយ៉ាងគគ្រឹកគគ្រែង ទាំងយប់ទាំងថ្ងៃមិនតិចជាង៣០គ្រឿង ធ្វើអោយប្រជាពលរដ្នដែលនៅតាមដងថ្នល់ជាតិ លេខ៦ សៀមរាប កំពង់ធំ ភ្នំពេញ មានការភ័យខ្លាច ដោយសារ គេឃើញទំនិញទាំងនោះពេលខ្លះ
ផ្អៀងផ្អង រកកល់ចង់រលំ ចង់ធ្លាក់សង្កត់ ពួកគាត់ និងជួនពេលខ្លះគេឃើញរថយន្ដទាំងនេះចង់ធ្លាក់ផ្លូវ ដោយសារតែទំនិញផ្នែកខាងលើយោល យោគទៅតាមល្បឿនរថយន្ដ។
ទាក់ទិនទៅនិងរថយន្ដទាំងនេះប្រជាពលរដ្នបានរឺះគន់យ៉ាងចាស់ដៃចំពោះនគរបាលចរាចរណ៍ ដែលបានបើកភ្នែកធំៗសម្លឹងមើល រថយន្ដទាំងនោះដោយពុំមានការបង្គ្រាប់ ឬហាម ឃាតម្ដងណាសោះ តែបើឃើញប្រជាពលរដ្នក្រីក្រ ធ្វើដំណើរ ឆ្លងកាត់ ដោយពុំបានពាក់មួក ឬ អត់កញ្ចក់វិញ ជញ្ចុបមាត់ ដូចកុកឃើញត្រីអញ្ចឹងអែង នេះប្រហែលជាត្រូវថ្នាំសណ្ដំផ្អែមមាត់ផ្អែមក ហើយបានជាពុំបង្គ្រាប់បែបនេះ ។ 
លោក គ្រូម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាគាត់ត្រូវរថយន្ដដឹកទំនិញសំពែងសំពោងទាំងនេះកៀរអោយធ្លាក់ផ្លូវម្ដងរួចមកហើយ តែពុំមានគ្រោះថ្នាក់ធំដុំនោះទេ គ្រាន់តែរបកដៃ ជើងបន្ដិចបន្តួចតែប៉ុណ្ណោះ តាំងពីពេលនោះមក គាត់នៅតែឃើញរថយន្ដទាំងនោះ ធ្វើសកម្មភាពយ៉ាងរលូនពុំមានការហាមឃាតពីនគរបាលចរាចរណ៍ ឃើញតែផាក យកលុយពីម្ចាស់ម៉ូតូប្រជាពលរដ្ន ពុំឃើញឃាតរថយន្ដឡើយ។
បញ្ហានេះ លោក កែវ ហ៊ួរ ស្នងការ រងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយសារតែរថយន្ដទាំងនេះ ធ្វើសកម្មភាពនៅពេលយប់ ទើបមានការថ្លោះថ្លូយ តែកំលាំងរបស់យើង បានធ្វើជាច្រើនលើកមកហើយ នៅខាងស្រុកស្ទោង នៅតែមិនអស់ ហើយយើងនិងខិតខំរឹតបណ្តឹងបន្ថែមទៀត នៅថ្ងៃខាងមុខ ។
ក្នុងនោះដែរក៏មានមតិមហាជនបាន សំណូមពរ អោយ រឹតបណ្តឹង ច្បាប់ចរាចរណ៍ ចំពោះរថយន្ដគ្រប់ប្រភេទ ជាពិសេសគឺរថយន្ដដឹកទំនិញសំពែងសំពោងនេះផងកុំ ផាក់តែម៉ូតូ ព្រោះមានតែពលរដ្នក្រីក្រទេដែលជិះម៉ូតូ អ្នកជិះឡានសុទ្ធតែអ្នកមាន ដូច្នេះបើអនុវត្តន៍ច្បាប់ត្រូអោយស្មើរភាពគ្នា អោយ មានយុត្តិធម៍៕ ប៊ុន រិទ្ធី 


































