ខេត្តព្រះវិហារ
នៅឆ្នាំ២០១៥នេះខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនៅតែបន្តបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើបានជាបន្តបន្ទាប់នៅតាមច្រកសំខាន់មួយចំនួនដែលវត្ថុតាងរួមមានដូចជាឈើតាប់ប្រណីតឈើអារលេខ១លេខ២និងគ្រឿងសង្ហារឹមធ្វើពីឈើប្រណីតផ្សេងទៀតសរុបច្រើនរយម៉ែត្រគូបរួមទាំងមធ្យោបាយដឹកជញ្ជូនផងដែរ។
កន្លងមកវត្ថុតាងឈើប្រណីតប្រភេទគ្រញូងបេងធ្នង់នាងនួនមួយចំនួនត្រូវបានក្រុមហ៊ុនទ្រីភាពគ្រុបប្រមូលដឹកចេញពីអង្គភាពខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារជាបន្តបន្ទាប់យកទៅស្តុកទុកនៅឃ្លាំងដ៍ធំក្នុងស្រុករវៀងដោយក្រុមហ៊ុនយក្សធំមួយនេះសំអាងនៅក្នុងបាតដៃមានអាជ្ញាប័ណ្ណប្រមូលឈើប្រណីតពីរាជរដ្ឋាភិបាលកម្ពុជា។
តាមសេចក្ដីរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារបានអោយដឹងថាបើទោះបីមន្ដ្រីរដ្ឋបាលព្រៃឈើធ្វើការបង្ក្រាបយ៉ាងណាក៍នៅតែមានឈ្មួញខិលខូចអាចដឹកឈើគ្រញូងបេងធ្នង់នាងនួននិងឈើអារលេខ១លេខ២គេចពន្ធយ៉ាងរលូនតាមរថយន្តធុនតូចនិងរថយន្ដធុនយីឌុបពីខេត្តព្រះវិហារចេញតាមច្រកស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យជាប់ព្រំប្រទល់ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ឈ្មួញឈើភាគច្រើនជាជនប្រដាប់អាវុធមានដូចជានគរបាលនិងទាហានសុទ្ធតែមានអំណាចបុណ្យសក្ដិខ្លាំង។
អ្នកសារព័ត៌មានព្យាយាមជួបទំនាក់ទំនងលោកអ៊ិតភូម្រានាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដើម្បីចង់ដឹងពីលទ្ធផលបង្ក្រាបរឹបអូសបទល្មើសព្រៃឈើគ្រប់ប្រភេទនៅឆ្នាំ២០១៤កន្លងមកនិងមកដល់ខែកក្កដា២០១៥នេះមានចំនួនប៉ុន្មានរយម៉ែត្រគូប។ហើយកន្លងមកលោកនាយខណ្ឌរដ្ឋបាលព្រៃឈើបានចងក្រងកសាងសំណុំរឿងអំពីបទល្មើសព្រៃឈើនិងជនល្មើសបានប៉ុន្មានករណីទៅស្ថាប័នតុលាការខេត្តគឺចៃដន្យលោកកំពុងជាប់រវល់ប្រជុំនៅរសៀលថ្ងៃទី១០កក្កដានេះដើម្បីពង្រឹងការងារចុះបង្ក្រាបបទល្មើសព្រៃឈើ៕


































