ខេត្តឧត្តរមានជ័យ៖
បុរសម្នាក់មានមុខរបរជាអ្នករកត្រី ទៅលើកទ្រូលប ជាមួយប្រពន្ធ កើតជាជំងឺស្គាល់ជាន់ ប្រកាច់ធ្លាក់ទឹកស្ទឹងអូរជីក លង់ទឹក ចំណែកជាប្រពន្ធខំជួយដែរ តែដោយសារទឹកហូរខ្លាំងពេក មិនអាចជួយបាន បានត្រឹមតែអង្គុយលើទូកមើលប្តីធ្លាក់ទឹកស្លាប់។
លោកអនុសេនីយ៍ទោ ហើន សំបោន នាយការរិយាល័យព្រហ្មទណ្ឌអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ករណីគ្រោះថ្នាក់ ដោយលង់ទឹកមួយកើតឡើង នៅចំណុចស្ទឹងអូរជីក ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ដែលជនរងគ្រោះឈ្មោះ រឿន ខ្វេន ភេទប្រុសអាយុ ៣០ឆ្នាំ បានទៅលើកទ្រូលប ជាមួយប្រពន្ធ ដោយមានជម្ងឺស្គាន់
ជាន់ ក៏ប្រកាច់ធ្លាក់ចូលទឹកអូរកំពុងហូរបណ្តាលឲ្យលង់ស្លាប់ កាលវេលាម៉ោង ៧ព្រឹក ថ្ងៃទី១១ ខែកក្កដា។ ហើយត្រូវទឹកហូរទៅទើលនឹងដើមឈើ ទើបរកឃើញសាកសព នៅល្ងាចម៉ោង ៥ល្ងាច ដែលមានចំងាយជាង ៥០០ម៉ែត្រ ពីកន្លែងដែលជនរងគ្រោះធ្លាក់ទឹក។ ហើយនៅពេលនេះដែរ សាកសពជនរងគ្រោះ ក្រោយពីធ្វើកោសលវិច្ឆ័យបាន ប្រគល់ឱ្យក្រុមគ្រួរសារបុណ្យតាមប្រពៃណី។
តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះឈ្មោះ ត្រេក វណ្ណនី អាយុ ៣២ឆ្នាំ មានកូនស្រីចំនួន ៣នាក់ រស់នៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កាលពីម្សិលថ្ងៃទី១១ ខែឆ្នាំដដែល ពេលព្រឹករូបគាត់នឹងប្តីបាននាំគ្នាទៅលើកទ្រូលប នៅស្ទឹងអូរជីក ដែលមានទឹកហូរខ្លាំង ហើយមានចំងាយពីភូមិប្រហែលជាង ៧គីឡូម៉ែត្រ។ ដោយប្តីរបស់គាត់អង្គុយនៅក្បាលទូកមុខ ចំណែករូបគាត់អង្គុយអ៊ុំទូកពីក្រោយស្រាប់តែមិនដឹងមូលហេតុអ្វីប្តីរបស់គាត់មានអាការៈប្រកាច់ធ្លាក់ចូលទឹក ហើយពេលនោះរូបគាត់បានខំប្រឹងយកចង្វារកូរទឹកតែរកប្តីតែមិនប៉ះសោះ ដោយសារទឹកហូរខ្លាំងពេក គាត់ក៏រត់មកហៅអ្នកភូមិឱ្យជួយរក លុះដល់ល្ងាចទើបរកឃើញ៕




































