ខេត្តបន្ទាយមានជ័យ នៅតាមបណ្ដោយព្រំដែនកខ្មែរ-ថៃសព្វថ្ងៃនេះនៅតែមានបទល្មើសឆ្លងដែនគ្រប់មុខជាច្រើននៅតាមច្រករបៀងខែ្មរ ថៃសម្រាប់នាំចេញចូលទំនិញគេចពន្ធ និងឲ្យពលករខ្មែរចេញទៅធ្វើការខុសច្បាប់នៅប្រទេសថៃជាដើម។ជារៀងរាល់ថ្ងៃនៅពេលយប់នៅតាមបណ្ដោយព្រំដែនខ្មែរ ថៃដែលមានច្រករបៀងជាច្រើនកំពុងលួចលាក់បើកឲ្យមានបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងនោះក៏មានពលករខ្មែរខុសច្បាប់បានលួចឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃជាដើម។ការបើកច្រករបៀងនៅតាមព្រំដែនខ្មែរ ថៃនោះបើគេស្មានមើលច្រករបៀងមិនខ្វះពី៥០កន្លែងនោះឡើយតែងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែននៅពេលយប់ ដូចជាការនាំចេញខោអាវគូប, ពលករខ្មែរលួចទៅឆ្លងដែនទៅប្រទេសថៃ និងនាំឈើប្រណីតចេញទៅប្រទេសថៃជាដើមក្រៅពីនេះក៏មាននាំចូលទំនិញខុសច្បាប់ជាច្រើនប្រភេទដូចជា ហ្គាស សំបកដប ទូរទស្សន៍ចាស់ៗ សាច់មាន់ មាន់រស់ និងម៉ូតូជាដើម។ការលួចនាំចូលមុខទំនិញខុសច្បាប់ទាំងអស់នេះវាហាក់គ្មានការយកចិត្តទុកដាក់ អើពើពីសំណាក់អាជ្ញាធរនោះទេមិនថាតែថ្នាក់មូលដ្ឋានឬថ្នាក់ខេត្តនោះឡើយ។លោកហាំ វណ្ណៈមេបញ្ជាការវរៈព្រំដែន៨៩១បានឲ្យដឹងថានៅក្នុងតំបន់គ្រប់គ្រងរបស់លោក ពិតជាមានទំនិញលួចចរាចរណ៍ឆ្លងដែនមែន ដោយមានការឃុបឃិតពីមន្ដ្រីរបស់លោកដែលឈរជើងនៅទីនោះលោកតែងណែនាំឲ្យមន្ដ្រីទាំងនេះបញ្ឈប់រាល់សកម្មភាពទាំងនោះដែរប៉ុន្តែមានការឃុបឃិតគ្នាយ៉ាងណានោះលោកក៏មិនទាន់ដឹងច្បាស់ដែរវាហាក់ដួចជាវេកចកអញ្ចឹងលោកបិតខាងមុខគេលួចបើកពីក្រោយ។
លោកបាននិយាយបន្តទៀតថានៅតំបន់គ្រប់គ្រងរបស់លោកមានការនាំចូលទំនិញគេចពន្ធដូចជាម៉ូតូ ទូរទស្សន៍ជាច្រើន និងពលករខ្មែរលួចឆ្លងដែនខុសច្បាប់ជាដើម។ទាក់ទិននឹងបញ្ហានេះកាលពីពេលថ្មីៗកន្លងមកលោកឧត្តមសេនីយ៍ខេងសាម៉េតអគ្គស្នងការនគរបាលជាតិនិងជាប្រធានគណៈបញ្ជាការទិសភូមិភាគទី៤ និងភូមិភាគទី៥ ធ្លាប់បានព្រមានធ្ងន់ៗដល់គណៈបញ្ជាការទាំង៤ដោយបានហាមដាច់ខាតមិនឲ្យមានបទល្មើសឆ្លងដែនគ្រប់ប្រភេទជាពិសេសពលករដែលឆ្លងដែនខុសច្បាប់។ក្រោយពីការចេញការព្រមានរបស់លោកអគ្គស្នងការហើយក្ដីក៏គេនៅតែឃើញមានគណៈបញ្ញាការការពារវរៈព្រំដែនខ្លះនៅតែលួចលាក់បង្កើតឲ្យមានបទល្មើសព្រំដែនក្នុងរូបភាពដដែលជាដដែល ទើបលោកបានកោះហៅមេបញ្ជាការវរៈព្រំដែនទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់បើអស់លោកណាមិនគោរពនិងធ្វើតាមនូវបទបញ្ជានោះទេលោកនិងដាក់ទោសទៅតាមផ្លូវច្បាប់៕




































